(ប៉េកាំង)៖ រដ្ឋាភិបាលទីក្រុងប៉េកាំង នៅថ្ងៃសុក្រនេះបានសម្ដែងការជំទាស់យ៉ាងដាច់អហង្កា ចំពោះព្រឹទ្ធសភាអាមេរិក សម្រាប់ការអនុម័តលើច្បាប់ ស្ដីពីការធ្វើដំណើររវាងសហរដ្ឋអាមេរិក និងកោះតៃវ៉ាន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី០២ ខែមីនា ឆ្នាំ២០១៨។
ព្រឹទ្ធសភាអាមេរិក បានអនុម័តលើច្បាប់ឈ្មោះថា Taiwan Travel Act (សកម្មភាពធ្វើដំណើររវាងកោះតៃវ៉ាន់) កាលពីថ្ងៃពុធ ហើយដែលនេះគឺជាជំរុញការ ផ្លាស់ប្ដូរក្នុងកំរិតខ្ពស់រវាងសហរដ្ឋអាមេរិក និងកោះតៃវ៉ាន់។ សភាអាមេរិកបានអនុម័តច្បាប់នេះកាលពីខែមករា ប៉ុន្តែទីក្រុងប៉េកាំងទើបតែបានសម្ដែងការជំទាស់យ៉ាងខ្លាំង នាថ្ងៃសុក្រនេះ។
«វាគឺជារំលោភបំពានយ៉ាងធ្ងន់ធ្ងរ លើគោលនយោបាយចិនតែមួយ និង កិច្ចព្រមព្រៀងរួមគ្នាចំនួនបី រវាងសហរដ្ឋអាមេរិក និងចិន ហើយយើងបង្ហាញការជំទាស់ជាដាច់ខាត ចំពោះការអនុម័តច្បាប់នេះ»។ នេះបើតាមអ្នកនាំពាក្យក្រុមប្រឹក្សារដ្ឋចិន ទទួលបន្ទុកកិច្ចការតៃវ៉ាន់ លោក អាន ហ្វេងហ្សាន (An Fengshan)។
គួរបញ្ជាក់ថា លោក An Fengshan ក៏បានព្រមានកោះតៃវ៉ាន់ផងដែរថា កុំពឹងផ្អែកលើបរទេសដើម្បីពង្រឹងខ្លួនឯងព្រោះថា វាមានតែនាំភ្លើងប្រឆាំងខ្លួនឯងតែប៉ុណ្ណោះ៕