(អូតតាវ៉ា)៖ ប្រទេសកាណាដាបានប្រកាសចេញតែម្តងថា ខ្លួនមិនអាចទទួលយកបាននោះឡើយ ចំពោះទង្វើសហរដ្ឋអាមេរិក ដែលបានប្រកាសតម្លើងថ្លៃពន្ធលើការនាំចូលដែក-អាលុយមីញ៉ូម ចូលទៅកាន់ប្រទេសជាសម្ព័ន្ធមិត្តធំបំផុតរបស់ខ្លួនមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃសុក្រ ទី០២ ខែមីនា ឆ្នាំ២០១៨។
រដ្ឋមន្ត្រីការបរទេសកាណាដា លោកស្រី គ្រីស្ទីយ៉ា ហ្វ្រីឡេនដ៍ (Chrystia Freeland) បានបញ្ចេញប្រតិកម្ម ចំពោះទង្វើសហរដ្ឋអាមេរិក យ៉ាងដូច្នេះថា «ក្នុងនាមជាសមាជិកគោល នៃ NORAD (ទីបញ្ជាការការពារដែនអាកាស នៃតំបន់អាមេរិកខាងជើង) និងជាសមាជិកអង្គការ NATO ព្រមទាំងជាអ្នកនាំចូលដែកធំបំផុតទី ១ ទៅក្នុងសហរដ្ឋអាមេរិក ប្រទេសកាណាដានឹងធ្វើការពិនិត្យ ទៅលើការរឹតបន្តឹងនានា ចំពោះការនាំចូលដែក-អាលុយមីញ៉ូម ពីសំណាក់សហរដ្ឋអាមេរិក ព្រោះវាជារឿងដែលមិនអាចទទួលយកបាននោះទេ»។
គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសនៅថ្ងៃព្រហស្បត៍សប្តាហ៍នេះ អំពីការដាក់ចេញនូវវិធានការរឹតបន្តឹង និងតម្លើងពន្ធទៅលើការនាំចូលផលិតផល ដែក-អាលុយមីញ៉ូម ដោយក្នុងនោះវានឹងធ្វើឲ្យប៉ះពាល់ដោយប្រយោលតែម្តង ទៅលើសម្ព័ន្ធជាប់របងជាមួយគ្នា នោះគឺប្រទេសកាណាដា។ ការធ្វើបែបនេះរបស់អាមេរិក គឺស្ថិតនៅក្នុងគោលដៅ ការពារផលប្រយោជន៍ នៃវិស័យឧស្សាហកម្មនៅក្នុងស្រុក ដែលជានយោបាយ លោក ដូណាល់ ត្រាំ តែងតែប្រឹងអនុវត្តន៍លើគ្រប់វិស័យ៕