(ហួស្ដុន)៖ ក្មេងប្រុសម្នាក់អាយុ ០៨ឆ្នាំ បានរងរបួសធ្ងន់ រីឯប្អូនស្រីរបស់គេអាយុ ០៥ឆ្នាំ បានរងរបួសត្រង់ជើង បន្ទាប់ពីខ្មាន់ កាំភ្លើងមិនស្គាល់អត្តសញ្ញាណម្នាក់ បានជិះរថយន្ដបើកការបាញ់រះទាំងកម្រោលមកលើពួកគេ នៅខាងក្រៅហាងកែ សម្ផស្សមួយកន្លែងនៅភាគអាគ្នេយ៍ ទីក្រុងហួស្ដុន រដ្ឋតិចសាស់ នៃសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី០២ ខែមីនា ឆ្នាំ២០១៨។
យោងតាមប៉ូលិសនៅក្នុងតំបន់ ហេតុការណ៍បាញ់ប្រហារនេះ កើតឡើងនៅម៉ោងប្រមាណ ៦៖៣០នាទីល្ងាច ថ្ងៃព្រហស្បតិ៍ (ម៉ោងនៅក្នុងតំបន់) នៅពេលដែលម្ដាយក្មេងរងគ្រោះទាំងពីរនាក់ ចូលទៅក្នុងហាងកែសម្ផស្សមួយកន្លែងស្ថិត នៅលើផ្លូវ Scott Street ក្បែររុក្ខវិថី Wheeler Avenue ដើម្បីពិនិត្យពេលវេលារង់ចាំ។
ប៉ុន្តែនៅពេលនោះ ស្រាប់តែមានខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណម្នាក់ បានបើករថយន្ដ និងបើកការបាញ់រះដោយបណ្ដាលឱ្យក្មេងប្រុសម្នាក់អាយុ ០៨ឆ្នាំ រងរបួសធ្ងន់ រីឯប្អូនស្រីរបស់គេអាយុ ០៥ឆ្នាំ រងរបួសត្រង់ជើង ខណៈក្មេងអាយុ ១១ឆ្នាំ ម្នាក់ទៀតនៅក្នុងរថយន្ដ មិនបានរងរបួសនោះទេ។
គួរបញ្ជាក់ថា អាជា្ញធរអាមេរិកមិនទាន់ចាប់បានជនសង្ស័យនៅឡើយទេ ហើយមូលហេតុនៃការបាញ់ប្រហារនេះ ក៏មិនទាន់ត្រូវបានបញ្ជាក់ដែរ៕