(ព្យុងយ៉ាង)៖ កូរ៉េខាងជើងបានចេញមុខច្រានចោល និងថ្កោលទោសយ៉ាងខ្លាំង ចំពោះការចោទប្រកាន់របស់សហរដ្ឋអាមេរិក ដែលថាទីក្រុងព្យុងយ៉ាងបានចូលរួមចំណែកក្នុងការផលិតអាវុធគីមី នៅក្នុងប្រទេសស៊ីរី។ បើតាមទីក្រុងព្យុងយ៉ាង នេះគ្រាន់តែលេសដែលទីក្រុងវ៉ាស៊ីនតោន ប្រើដើម្បីឈ្លានពានកូរ៉េខាងជើង ដូចដែលខ្លួនធ្លាប់បានធ្វើលើអ៊ីរ៉ាក់។ នេះបើតាមការផ្សាយរបស់ KCNA ដកស្រង់ដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី០២ ខែមីនា ឆ្នាំ២០១៨។
យោងតាមសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ផ្អែកលើការដកស្រង់សេចក្ដីថ្លែងការណ៍ពីមន្ត្រីការបរទេសកូរ៉េខាងជើង បានអះអាងថា ការចោទប្រកាន់របស់សហរដ្ឋអាមេរិកគឺជាការប្រឌិតឡើងទាំងស្រុង។ «ពិភពលោកបានដឹងយ៉ាងច្បាស់ ថាសហរដ្ឋអាមេរិក បានប្រឌិតការចោទប្រកាន់ដ៏សាហាវទាំងនេះឡើង ដើម្បីប្រើវាជាលេសក្នុងការឈ្លានពានប្រឆាំងនឹង នឹងរដ្ឋអធិបតេយ្យភាពមួយ»។ នេះបើតាមសេចក្ដីថ្លែងការណ៍ខាងលើ។
គួរបញ្ជាក់ថា សេចក្ដីថ្លែងការណ៍ដដែល ក៏បាននិយាយបែបចំអកដែរថាសហរដ្ឋអាមេរិកគ្មានសិទ្ធិនិយាយពីអាវុធនុយក្លេអ៊ែរ ឡើយ ពីព្រោះទីក្រុងវ៉ាស៊ីនតោនគឺជាអ្នកដំបូងគេប្រើប្រាស់អាវុធគីមីនៅលើពិភពលោក ដោយបានសម្លាប់រង្គាលប្រជាជន ស្លូតត្រង់ ៥០,០០០នាក់ នៅភាគខាងជើងនៃប្រទេសកូរ៉េខាងជើង នៅអំឡុងសម័យ សង្រ្គាមកូរ៉េឆ្នាំ១៩៥០៕