(សាន់ហ្វា្រន់ស៊ីស្កូ)៖ ក្រុមហ៊ុន Facebook នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានបិទបញ្ចប់ការធ្វើតេស្ដសាកល្បង វិធានការរឹតបន្តឹងរបស់ខ្លួន នៅក្នុងប្រទេសចំនួន ០៦ហើយ ដែលក្នុងនោះរួមទាំងប្រទេសកម្ពុជាផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី០២ ខែមីនា ឆ្នាំ២០១៨។
ក្រុមហ៊ុន Facebook បានរឹតបន្តឹងលើការបង្ហោះ នៅលើបណ្ដាញទំនាក់ទំនងសង្គមរបស់ខ្លួន ដោយផ្ដោតលើការបង្ហោះរូបភាព និងការធ្វើបច្ចុប្បន្នភាពពីមិត្តភក្តិ និងគ្រួសារ ព្រមទាំងការបង្កើតកម្មវិធីថ្មីមួយហៅថា «explore feed»។ ប៉ុន្តែព្រមពេលជាមួយការរឹតបន្តឹងបែបនេះ បានធ្វើឱ្យអ្នកប្រើប្រាស់ និងអ្នកធ្វើពាណិជ្ជកម្មតាម Facebook មានការមិនពេញចិត្តជាខ្លាំង។
យ៉ាងណាក៏ដោយ ថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ក្រុមហ៊ុន Facebook បានអះអាងថា បណ្ដាញទំនាក់ទំនងសង្គមដ៏ធំមួយនេះក្នុងលោក បានសម្រេចចិត្តបិទបញ្ចប់ ការធ្វើតេស្ដសាកល្បងនេះហើយ ពីព្រោះមនុស្សជាច្រើនបានបា្រប់ក្រុមហ៊ុនថា ពួកគេមិនចូលចិត្តការផ្លាស់ប្ដូរកន្លងមកនោះទេ។
«មនុស្សជាច្រើនបានប្រាប់ពួកយើងថា ពួកគេមិនពេញចិត្ត ចំពោះការបង្ហោះរបស់ពួកគេនោះទេ ហើយថាការបែងចែក News Feed និង explore feed មិនអាចជួយពួកគេក្នុងការបង្កើនទំនាក់ទំនង និងមិត្តភក្តិ ឬគ្រួសារបាននោះទេ»។ នេះបើតាម Facebook។
គួរំលឹកថា កាលពីខែតុលា ឆ្នាំ២០១៧ ក្រុមហ៊ុន Facebook បានដាក់ចេញនូវវិធានការដោយបែងការបង្ហោះជាពីរគឺ News Feed និង explore feed ហើយវាត្រូវបានធ្វើតេស្ដសាកល្បងចំនួន ០៦ ក្នុងនោះរួមមានបូលីវី កម្ពុជា ហ្គាតេម៉ាឡា ស៊ែរប៊ី ស្លូវ៉ាគី និងស្រីលង្កា៕