(ឧបទ្វីបកូរ៉េ)៖ ព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិករួមគ្នារវាងកីឡាករ កីឡាការនីកូរ៉េខាងត្បូង និងកូរ៉េខាងជើង ត្រូវបានគេចាត់ទុកថាជារបត់ថ្មី មិនធ្លាប់មានពីមុនមក ក្នុងការបង្កើតទំនាក់ទំនងល្អនៅ ឧបទ្វីបកូរ៉េ។ ប៉ុន្តែអត្ថបទវិភាគរបស់សារព័ត៌មាន Channel News Asia បានអះអាងថា ព្រឹត្តិការណ៍ដ៏កម្រនេះ មិនមែនជាសញ្ញានៃការបង្រួមបង្រួមគ្នាពិតប្រាកដនោះទេ ផ្ទុយទៅវិញវាបានឆ្លុះបញ្ចាំងពីគំលាតកាន់តែឆ្ងាយរវាងកូរ៉េទាំងពីរ ដោយពឹងផ្អែកលើការវិភាគទៅលើបួនចំណុចដូចខាងក្រោម៖
១ ៖ កូរ៉េខាងត្បូងទទួលបន្ទុកចំណាយសម្រាប់កូរ៉េខាងជើង ដើម្បីចូលរួមប្រកួតកីឡា
ដើម្បីជួយសម្រួល និងលើកទឹកចិត្តកូរ៉េខាងជើង ឱ្យចូលរួមប្រកួតកីឡាដោយភាពរលូន ប្រទេសកូរ៉េខាងត្បូង បានធានាចេញថ្លៃការចំណាយសម្រាប់សមភាគីរបស់ខ្លួន។ ជាក់ស្ដែងនៅថ្ងៃពុធ ទី១៤ ខែកុម្ភៈ រដ្ឋាភិបាលទីក្រុងសេអ៊ូលបានអនុម័ត ទទួលបន្ទុករាល់ការចំណាយនៃការធ្វើដំណើររបស់កូរ៉េខាងជើង សម្រាប់ចូលរួមការប្រកួតកីឡាអូឡាំពិក ដែលសរុបជាទឹកប្រាក់ចំនួន ២,៥លានដុល្លារអាមេរិក។
មើលបន្តិច យើងប្រហែលជាគិតថា វាជាការបង្កទំនាក់ទំនងស្អិតរមួតរវាងរដ្ឋាភិបាល ក្រុងសេអ៊ូល និងព្យុងយ៉ាង ប៉ុន្តែបើគិតឱ្យស៊ីជម្រៅទៅ វាមិនខុសអីពីការបែងចែកឋានៈ រវាងប្រទេសអ្នកមាន និងប្រទេសអ្នកក្រនោះទេ។ បើពិនិត្យពីស្ថានភាពជាក់ស្តែង កម្រិតសេដ្ឋកិច្ចរវាងកូរ៉េទាំងពីរ ខុសគ្នាដូចមេឃ និងដី ហេតុនេះមានការលំបាកជាខ្លាំង ក្នុងឈានទៅរកការបង្រួបបង្រួមរវាងកូរ៉េទាំងពីរ។
២៖ ការប្រកួតកីឡា Ice Hockey រួមគ្នារវាងកីឡាការនីកូរ៉េខាងត្បូង និងខាងជើង
ការប្រកួតកីឡា Ice Hockey រួមគ្នាក្រោមទង់ជាតិរួមគ្នា ត្រូវបានចាត់ទុកជាសកម្មភាពនៃកិច្ចសហប្រតិបត្តិការដ៏ល្អជាងគេរវាងភាគខាងត្បូង និងភាគខាងជើងក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក។ គេបានចាត់តាំងកីឡាករកូរ៉េខាងជើង ឱ្យបន្ថែមទៅក្នុងក្រុមកីឡាករកូរ៉េខាងត្បូង ក្រោមកិច្ចព្រមព្រៀងជាមួយគណៈកម្មាធិកាអូឡាំពិកអន្តរជាតិ។
ជាអកុសល ក្នុងការប្រកួតកីឡារួមគ្នារវាងកូរ៉េទាំងពីរ បានផ្ដល់លទ្ធផលដ៏ក្រៀមក្រំ ដោយពួកគេត្រូវចាញ់ការប្រកួតក្នុងពូលទាំងបីដោយពិន្ទុ២០ទល់នឹង១។ ទីបំផុតកូរ៉េខាងត្បូង បានចូលប្រកួតនៅនាទីចុងក្រោយ ដោយគ្មានវត្ថមានកូរ៉េខាងជើងជាមួយថាមពលដែលនៅសេសសល់តិចតួច ។ ប៉ុន្តែលទ្ធផលទទួលបានគួរឱ្យភ្ញាក់ផ្អើលទៅវិញ យ៉ាងហោចណាស់ ពួកគេអាចឈរបានចំណាត់ថ្នាក់លេខ២២ ទូទាំងសកលលោក។ វាបញ្ជាក់ថា ការតស៊ូប្រកួតដោយគ្មានវត្ថមានកូរ៉េខាងជើង បែរជាអាចទទួលបានលទ្ធផលល្អប្រសើរទៅវិញ។ ចំណុចនេះ បង្កជាអារម្មណ៍កាន់តែដាច់ឆ្ងាយរវាងកីឡាករកូរ៉េខាងត្បូង និងកូរ៉េខាងជើង ដែលផ្ទុយទាំងស្រុងពីអ្វីដែលពួកគេរំពឹងចង់បាន។
៣៖ ប្រតិកម្មប្រឆាំងនឹងសេចក្តីសម្រេចទាក់ទងនឹងព្រឹត្តិការណ៍ប្រកួតកីឡា
បន្ទាប់ពីសេចក្តីប្រកាសជាសាធារណៈស្ដីពីសេចក្តីសម្រេចចិត្ត ក្នុងការប្រកួតកីឡារួមគ្នារវាងកូរ៉េទាំងពីរ ប្រធានាធិបតីកូរ៉េខាងត្បូងទទួលរងនូវប្រតិកម្មប្រឆាំងពីមជ្ឈដ្ឋានមួយចំនួន ដែលចំណុចនេះអាចឆ្លុះបញ្ចាំងកាន់តែទូលំទូលាយពីផ្នត់គំនិតរបស់កូរ៉េខាងត្បូងចំពោះកូរ៉េខាងជើង។ កីឡាករកូរ៉េខាងត្បូងភាគច្រើនទទួលបានការហ្វឹកហាត់ អស់រយៈពេលជាច្រើនឆ្នាំ យ៉ាងហ្មត់ចត់ ប្រកបដោយភាពស្ទាត់ជំនាញ ខណៈដែលកីឡាករកូរ៉េខាងជើង មិនសូវមានបទពិសោធន៍ច្រើនឡើយបើធៀបនឹងកូរ៉េខាងត្បុង។ យើងច្បាស់ជាដឹងហើយថា ការបន្ថែមកីឡាករកូរ៉េខាងជើង ក្នុងក្រុមកីឡាកូរ៉េខាងត្បូង មិនមែនដោយសារពួកគេមានសមត្ថភាពសមល្មមគ្នានោះទេ តែដោយសារសេចក្តីសម្រេចពីថ្នាក់លើប៉ុណ្ណោះ។
ហេតុការនេះ ក៏ប្រកួតកីឡារួមគ្នានេះ ថ្វីត្បិតស្ថិតក្នុងរូបភាពកិច្ចសហការពិតមែន ប៉ុន្តែជាក់ស្តែងវាបង្កភាពអយុត្តិធម៌ ភាពមិនសប្បាយចិត្ត ភាពរើសអើងពីសំណាក់កូរ៉េខាងត្បូង និងភាពដាច់ឆ្ងាយពីគ្នាកាន់តែខ្លាំងរវាងគូសត្រូវទាំងពីរ។
៤៖ បដិសេធចំពោះអំណោយរបស់កូរ៉េខាងត្បូង
មិនត្រឹមតែក្រុមកីឡា Hockey ប៉ុណ្ណោះទេ ដែលចង្អុលបង្ហាញពីភាពដាច់ឆ្ងាយពីគ្នារវាងកូរ៉េទាំងពីរ នៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកនេះ។ អ្វីដែលគួរឱ្យកត់សម្គាល់កីឡាករអត្តពលិក កូរ៉េខាងជើង មិនត្រូវបានអនុញ្ញាតឱ្យទទួលយកទូរសព្ទ Samsung ជាអំណោយនៃក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូងជាអំណោយនោះឡើយ។ ទូរសព្ទស្មាតហ្វូននេះ ត្រូវបានចាត់ទុកជាអត្តសញ្ញាណមួយរបស់កូរ៉េខាងត្បូង ប៉ុន្តែគួរឱ្យសោកស្តាយដែលកូរ៉េខាងជើងបានបដិសេធមិនទទួលយក អំណោយនេះទៅវិញ។
អ្វីដែលជាមេរៀន និងគួរតែចងចាំពីចំណុចខាងលើ គឺដើម្បីឆ្ពោះទៅរកការបង្រួបបង្រួមដ៏ជោគជ័យមួយ ភាគីទាំងពីរចាំបាច់ត្រូវគ្រោងទុកជាមុនយ៉ាងប្រុងប្រយ័ត្នពីចម្ងាយ បើមិនដូច្នោះទេ វាមិនបានហុចផលតាមការគ្រោងហើយ ថែមទាំងបង្កើនបន្ទាត់ខណ្ឌចែករវាងកូរ៉េទាំងពីរកាន់តែខ្លាំងទៅវិញ។
ថ្វីបើការប្រកួតកីឡា ហាក់ប្រព្រឹត្តទៅក្នុងបរិយាកាសកក់ក្តៅ ស្របពេលដែលផ្លូវឈានទៅរកការផ្ទុះសង្គ្រាម ក៏ហាក់វៀងចេញឆ្ងាយបន្តិចក្តីនៅឧបទ្វីបកូរ៉េ តែជាអកុសលការប្រកួតកីឡានេះ បែរជាឆ្លុះបញ្ចាំងថា ផ្លូវឈានទៅរកការបង្រួបបង្រួមរវាងកូរ៉េទាំងពីរ ស្ថិតឃ្លាតកាន់តែឆ្ងាយជាងការរំពឹងទុក៕