(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី០១ ខែមីនា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ ប្រធានទំនាក់ទំនងសេតវិមាន និងជាទីប្រឹក្សាដ៏យូរម្នាក់របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គឺអ្នកនាង ហូប ហ៊ីកស៍ (Hope Hicks) បានសម្រេចចិត្តលាលែពីតំណែងហើយ ដោយគ្រាន់តែមិនទាន់កំណត់ពេលជាក់លាក់តែប៉ុណ្ណោះ៕
២៖ រដ្ឋមន្ត្រីធនធានអូស្រាលី លោក ម៉ាត់ ខាណាវែន (Matt Canavan) បានឱ្យដឹងថា អូស្ត្រាលី និងសហរដ្ឋអាមេរិក នឹងរួមកម្លាំងគ្នាក្នុងការបង្កើនការនាំចេញឧស្ម័នរាវធម្មជាតិ (LNG) ទៅកាន់ទ្វីបអាស៊ី៕
៣៖ យន្តហោះដឹកទំនិញមួយគ្រឿង របស់សហរដ្ឋអាមេរិក បានធ្វើការចុះចតយ៉ាងបន្ទាន់បំផុត នៅឯអាកាសយានដ្ឋានអន្តរជាតិ នៃទីក្រុងរ៉ង់ហ្គូន សហភាពមីយ៉ាន់ម៉ា ក្រោយពីមានសញ្ញាប្រកាសអាសន្នថា មានអគ្គីភ័យឆាបឆេះបន្ទប់ស្តុកទំនិញ៕
៤៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន បានជំរុញយ៉ាងពេញទំហឹង ឱ្យជប៉ុនគិតគូរឡើងវិញពីទង្វើអាក្រក់របស់ ខ្លួន កាលពីអតីតកាល ហើយថាទីក្រុងតូក្យូគ្មានសិទ្ធិហើបមាត់និយាយថា បញ្ហាអតីតទាសករផ្លូវភេទត្រូវបញ្ចប់តាមរយៈ កិច្ចព្រមព្រៀងកាលពីឆ្នាំ២០១៥ រវាងប្រទេសទាំងពីរនោះទេ៕
៥៖ ឋានព្រះច័ន្ទដែលនៅចំពោះមុខយើងនេះ នឹងមានប្រព័ន្ធទូរស័ព្ទ 4G ប្រើប្រាស់ជាផ្លូវការ នៅអំឡុងឆ្នាំ២០១៩ខាងមុខ នេះហើយ ដោយក្រុមហ៊ុន Vodafone សាខានៅអាល្លឺម៉ង ជាអ្នកទទួលបន្ទុកធ្វើការអភិវឌ្ឍ៕
៦៖ ភ្នំភ្លើង ហ្ស៊ីនមើ (Shinmoe) បានផ្ទុះឡើងនៅវេលាម៉ោង ១១៖០០នាទីព្រឹកថ្ងៃព្រហស្បតិ៍នេះតែម្តង ស្ថិតនៅលើកោះគ្យូស៊ុ (Kyushu) នៃភាគខាងលិចប្រទេសជប៉ុន៕