(រ៉ង់ហ្គូន)៖ យន្តហោះដឹកទំនិញមួយគ្រឿង របស់សហរដ្ឋអាមេរិក បានធ្វើការចុះចតយ៉ាងបន្ទាន់បំផុត នៅឯអាកាសយានដ្ឋានអន្តរជាតិ នៃទីក្រុងរ៉ង់ហ្គូន សហភាពមីយ៉ាន់ម៉ា ក្រោយពីមានសញ្ញាប្រកាសអាសន្នថា មានអគ្គីភ័យឆាបឆេះបន្ទប់ស្តុកទំនិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាល្ងាចថ្ងៃព្រហស្បតិ៍ ទី០១ ខែមីនា ឆ្នាំ២០១៨។
យន្តហោះខាងលើនេះ គឺមានផ្ទុកនូវទំនិញប្រភេទ «ថ្មផ្ទុកថាមពល ឬអាគុយ Lithium Ion» ប្រមាណ ១៧៥.៧តោន ខណៈនៅលើនោះមានអាកាយានិកបញ្ជាការទូទៅ ចំនួន ០៣នាក់ ហើយបានចុះចតយន្តហោះយ៉ាងបន្ទាន់ នៅព្រលានយន្តហោះមីយ៉ាន់ម៉ា នៅវេលាម៉ោង ២៖២៥នាទីរសៀល ថ្ងៃព្រហស្បតិ៍នេះ ម៉ោងនៅទីក្រុងរ៉ង់ហ្គូន។
យន្តហោះជាកម្មសិទ្ធិរបស់ក្រុមហ៊ុនអាមេរិក United Presal Service Co.Ltd ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ហើយវាបានធ្វើដំណើរចេញពីទីក្រុងហុងកុង ប្រទេសចិន គ្រោងឆ្ពោះទៅកាន់ទីក្រុងឌូបៃ នៃប្រទេសអេមីរ៉ាត់អារ៉ាប់រួម ប៉ុន្តែត្រូវបានបញ្ជាឲ្យចុះចតនៅទីក្រុងរ៉ង់ហ្គូន ដោយសារបញ្ហាដូចខាងលើ។
គួរបញ្ជាក់ថា ពុំមានការឆាបឆេះណាមួយបានលេចឡើងនោះឡើយ ប៉ុន្តែក្លិននៃសារធាតុថ្មផ្ទុកថាមពលដែលបានបែកធ្លាយនោះ គឺត្រូវបានក្រុមជំនាញអះអាងថាមាន។ ការស៊ើបអង្កេតបន្ថែមកំពុងបន្ត ខណៈយន្តហោះត្រូវរង់ចាំត្រួតពិនិត្យសុវត្ថិភាពឡើងវិញ៕