(ម៉ូស្គូ)៖ តំណាងមកពីសហរដ្ឋអាមេរិក អង់គ្លេស បារាំង អារ៉ាប៊ីសាអូឌីត និងហ្ស៊កដានី ត្រូវបានគេរាយការណ៍ថា បានលួចជួបគ្នាជាសំងាត់ក្នុងកិច្ចប្រជុំបិទទ្វារនៅឯទីក្រុងវ៉ាស៊ីនតោន កាលពីខែមករាកន្លងទៅ ដើម្បីកំណត់យុទ្ធសាស្ត្រថ្មីរបស់ពួកគេ សម្រាប់តំបន់មជ្ឈិមបូព៌ា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃព្រហស្បតិ៍ ទី០១ ខែមិនា ឆ្នាំ២០១៨។
ជុំវិញកិច្ចប្រជុំសំងាត់នេះដែរ អតីតអគ្គរដ្ឋទូតតួកគីប្រចាំប្រទេសបារាំង និងលីប៊ី លោក យូឡាក់ អូហ្ស៊ួលកឺ (Uluc Ozulker) បានប្រាប់ Sputnik ថា ទីក្រុងអង់ការ៉ា មានការព្រួយបារម្ភជាខ្លាំង ចំពោះព័ត៌មានពាក់ព័ន្ធនឹងផែនការសំងាត់ ដើម្បីគូសបន្ទាត់ផែនទីថ្មីសម្រាប់ តំបន់មជ្ឈិមបូព៌ា និងបែងចែកប្រទេសស៊ីរីជាតំបន់គ្រប់គ្រង។
លោក Uluc Ozulker គូសបញ្ជាក់ដូច្នេះថា «ការបែកធ្លាយព័ត៌មាននេះ បានបង្ហាញយ៉ាងច្បាស់ពីអ្វីដែលសហរដ្ឋអាមេរិក អង់គ្លេស បារាំង អារ៉ាប៊ីសាអូឌីត និងហ្ស៊កដានីប្រាថ្នាចង់បាន ហើយមិនតែប៉ុណ្ណោះតំណាង នៃប្រទេសទាំងនេះក៏បានពិភាក្សាគ្នាផងដែរ ពីការអញ្ជើញអេហ្ស៊ីប អាល្លឺម៉ង់ និងតួកគី ចូលរួមក្នុងកិច្ចពិភាក្សាសម្ងាត់នេះ»។
តែយ៉ាងណាក៏ដោយ អេហ្ស៊ីប មិនត្រូវបានគេអញ្ជើញឡើយ រីឯអាល្លឺម៉ង់មិនទាន់ឆ្លើយតប ខណៈពួកគេយល់ថា ជម្លោះរវាង តួកគី និងឃើដ អាចនឹងជះឥទ្ធិពលអវិជ្ជមានដល់ការសម្រេចចិត្តរបស់ពួកគេ។ បន្ថែមពីលើនេះ បើតាមលោក Ozulker ប្រទេសទាំង ០៥ ខាងលើ បានពិភាក្សាលើវត្ថុបំណងចំនួន ០៤ ក្នុងមាន៖
ទីមួយ៖ ការបង្កើតអាវុធនុយក្លេអ៊ែរធុនតូចដែលអាចទៅរួច ដើម្បីងាយស្រួលប្រើប្រាស់ក្នុងជម្លោះក្នុងតំបន់, ទីពីរ៖ ស្វែងរកវិធានការប្រឆាំងនឹងរុស្ស៊ី រួមទាំងប្រទេសដទៃទៀតដែលពួកគេចាត់ទុកថា ជាការគំរាមកំហែងដល់អង្គការណាតូ, ទីបី៖ ពួកគេបានពិភាក្សាគ្នា ពីលទ្ធភាពក្នុងការបង្កើនការវាយប្រហារ របស់អ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់, និងវត្ថុបំណងចុងក្រោយគេទីបួន៖ គឺពួកគេបានពិភាក្សាពីបញ្ហាឃើដ និងតួនាទីរបស់ពួកគេ ក្នុងភាពតានតឹងរវាងសហរដ្ឋអាមេរិក និងតួកគី។
គួរបញ្ជាក់ថា ព័ត៌មានជុំវិញជំនួបលួចលាក់កាលពីថ្ងៃទី១១ ខែមករា ត្រូវបានចេញផ្សាយដោយអ្នកសារព័ត៌មានមួយក្រុម ផ្អែកកំណត់ហេតុសរសេរដោយដៃរបស់អគ្គរដ្ឋទូតអង់គ្លេស ដែលបានចូលរួមក្នុងកិច្ចពិភាក្សានោះដែរ។ ប៉ុន្តែអ្វីដែល លោក Uluc Ozulker បារម្ភនោះគឺខ្លាចក្រែងផែនការសំងាត់របស់ប្រទេសទាំង ០៥ អាចនឹងបង្កគ្រោះថ្នាក់ដល់តួកគី ជាពិសេសវត្តមានយោធាតួកគីនៅស៊ីរី តែភ្លេចថា វាក៏អាចបង្ខំផងដែរឱ្យទីក្រុងអង់ការ៉ា កាន់តែស្និទ្ធិជាមួយរុស្ស៊ី និងអ៊ីរ៉ង់៕