(កង់បេរ៉ា)៖ រដ្ឋមន្ត្រីធនធានអូស្រាលី លោក ម៉ាត់ ខាណាវែន (Matt Canavan) បានឱ្យដឹងថា អូស្ត្រាលី និងសហរដ្ឋអាមេរិក នឹងរួមកម្លាំងគ្នាក្នុងការបង្កើនការនាំចេញឧស្ម័នរាវធម្មជាតិ (LNG) ទៅកាន់ទ្វីបអាស៊ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០១ ខែមិនា ឆ្នាំ២០១៨។
ប្រទេសទាំងពីរ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីបង្កើតភាពជាដៃគូ ក្នុងការជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ នៃការនាំចូលឧស្ម័ន LNG នៅក្នុងតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ នៅអំឡុងនៃការបំពេញដំណើរទស្សនិច្ច របស់នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក ម៉ាល់ខូម ធើនបាល (Malcolm Turnbull) នៅសហរដ្ឋអាមេរិក កាលពីចុងខែកុម្ភៈកន្លងទៅ។
ជុំវិញកិច្ចព្រមព្រៀងនេះដែរ ថ្លែងនៅក្នុងសន្និសីទមួយកាលពីថ្ងៃពុធ លោក Matt Canavan បានបញ្ជាក់ថា សហរដ្ឋអាមេរិក និងអូស្ត្រាលី នឹងធ្វើកិច្ចសហប្រតិបត្តិការ នៅលើទីផ្សារភាគខាងជើង និងទីផ្សារភាគខាងត្បូងនៅពេលអនាគត។ «ហេដ្ឋារចនាសម្ព័ន្ធកាន់តែច្រើននៅទូទាំងទ្វីបអាស៊ី ជាពិសេសគឺការនាំចូលឧស្ម័ន អាចនឹងជួយបង្កើនទីផ្សារឧស័្មន ព្រមទាំង ឱកាសសម្រាប់ប្រទេសទាំងពីរ»។ នេះបើតាមសម្តី លោក Canavan។
គួរបញ្ជាក់ថា បើតាមរបាយការណ៍មួយរបស់ក្រសួងឧស្សហកម្មអូស្ត្រាលី កាលពីខែមករា បានបង្ហាញថា អូស្ត្រាលីអាចនឹងនាំមុខប្រទេសកាតា ក្លាយជាប្រទេសនាំចេញឧស្ម័ន LNG ធំជាងគេនៅលើពិភពលោក នៅឆ្នាំ២០១៨ ឬ២០១៩ មុននឹងត្រូវសហរដ្ឋអាមេរិកវ៉ាដាច់វិញនៅពាក់កណ្ដាលឆ្នាំ២០២០។ អូស្ត្រាលីនាំចេញ LNG ៥២លានតោន ក្នុងឆ្នាំ២០១៦-២០១៧ ហើយអាចនឹងកើនឡើងដល់ ៧៧លានតោន នៅឆ្នាំ២០១៨-២០១៩៕