(តូក្យូ)៖ ភ្នំភ្លើង ហ្ស៊ីនមើ (Shinmoe) បានផ្ទុះឡើងនៅវេលាម៉ោង ១១៖០០នាទីព្រឹកថ្ងៃព្រហស្បតិ៍នេះតែម្តង ស្ថិតនៅលើកោះគ្យូស៊ុ (Kyushu) នៃភាគខាងលិចប្រទេសជប៉ុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ ដកស្រង់ពីទីភ្នាក់ងារភូមិសាស្ត្រជប៉ុន (JMA) នារសៀលថ្ងៃព្រហស្បតិ៍ ទី០១ ខែមិនា ឆ្នាំ២០១៨។
យោងតាមទិន្នន័យពី JMA បានឲ្យដឹងថា ភ្នំភ្លើងខាងលើនេះ បានបង្កជារំញ័រមុនពេលផ្ទុះ ដែលអាចនាំឲ្យគេដឹង តាំងពីវេលាម៉ោង ៨៖១៥នាទីព្រឹក ហើយក្រោយមកនៅវេលាម៉ោង ១១៖០០នាទីព្រឹក វាក៏ផ្ទុះឡើងតែម្តង ដែលនាំឲ្យខេត្ត កាហ្គោហ្ស៊ីម៉ា (Kagoshima) និង មីយ៉ាហ្សាគិ (Miyazaki) រងផលប៉ះពាល់ ខណៈដែលភ្នំភ្លើង ហ្ស៊ីនមើ នេះស្ថិតនៅតាមតំបន់ប្រជុំភ្នំ គីរីហ្ស៊ីម៉ា ដែលមានកម្ពស់រហូតដល់ ១,៤២១ម៉ែត្រ។
គួរបញ្ជាក់ថា ភ្នំភ្លើងសកម្មមួយនេះ ក៏ធ្លាប់បានផ្ទុះម្តងដែរ កាលពីខែតុលា ឆ្នាំ២០១៧ ហើយពេលនេះកម្អែលរបស់វា កំពុងតែជះទៅរកក្រុង តាកាហារុ (Takaharu) ដែលស្ថិតនៅមិនឆ្ងាយពីនោះឡើយ។ ជុំវិញបញ្ហានេះ អាជ្ញាធរនៅតំបន់កំពុងតែបញ្ជូនក្រុមអ្នកតាមដាន និងសង្គ្រោះបន្ទាន់ នៅកាន់តំបន់ភ្នំភ្លើង ដើម្បីពិនិត្យមើលទៅលើស្ថានភាពជាក់ស្តែង និងបង្ការការបង្កគ្រោះថ្នាក់ ទៅដល់ប្រជាជននានា។
សម្រាប់ពេលនេះ ប៉ូលិសជប៉ុនមិនទាន់បានបញ្ជាក់ព័ត៌មានណាមួយ អំពីការខូចខាតទ្រព្យសម្បត្តិ ក៏ដូចជាអាចមានជនរងគ្រោះនោះឡើយ បន្ទាប់ពីការផ្ទុះនេះកើតឡើង។ ចំពោះកម្រិតប្រកាសអាសន្នវិញ គឺ JMA បានបង្កើនវាដល់ថ្នាក់បង្គួរ (កម្រិតទី ៣ ដែលកម្រិតខ្ពស់បំផុតគឺ ៥) ហើយប្រជាជនទាំងអស់ ត្រូវបានហាមឃាត់មិនឲ្យទៅតំបន់នោះឡើយ ព្រោះអាជ្ញាធរខ្លាចក្រែងភ្នំភ្លើងនេះ ផ្ទុះឡើងបន្ថែមទៀត។
ប្រទេសជប៉ុន គឺស្ថិតនៅតំបន់ខ្សែក្រវាត់ភ្លើង (Ring of Fire) នៃតំបន់មហាសមុទ្រប៉ាស៊ីហ្វិក ដូចទៅនឹងហ្វីលីពីន និងឥណ្ឌូណេស៊ីដែរ ដែលជាហេតុនាំឲ្យប្រទេសនេះសម្បូរទៅដោយភ្នំភ្លើង គ្រោះរញ្ជួយផែនដី និងព្យុះកំណាចជាដើម ហើយវាមិនមែនជារឿងអាចដោះស្រាយបាននោះឡើយ ព្រោះជាគ្រោះធម្មជាតិ៕