(សេអ៊ូល)៖ ប្រធានាធិបតី​កូរ៉េខាងត្បូង​ លោក មូន ​ជែអ៊ីន នៅ​ថ្ងៃពុធនេះ បានជំរុញយ៉ាង​ពេញទំហឹង​ ឱ្យជប៉ុនគិតគូរ​ឡើងវិញ​ពីទង្វើអាក្រក់របស់ខ្លួន​ កាលពី​អតីតកាល ហើយថា​ទីក្រុងតូក្យូគ្មាន​សិទ្ធិហើបមាត់​និយាយថា បញ្ហាអតីត​ទាសករ​ផ្លូវភេទ​ត្រូវបញ្ចប់ តាមរយៈកិច្ចព្រមព្រៀង​កាលពី​ឆ្នាំ២០១៥ រវាងប្រទេស​ទាំងពីរ​នោះទេ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ សារព័ត៌មាន យ៉ុនហាប់ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០១ ខែមិនា ឆ្នាំ២០១៨។

ថ្លែងនៅក្នុងសុន្ទរកថា​នាឱកាសចូលរួម ពិធី​រំលឹកខួបលើកទី ៩៩ នៃការបង្កើត​ចលនាឯករាជ្យជាតិ​ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ១៩១៩ លោក មូន ជែអ៊ីន បានលើក​ឡើងយ៉ាងដូច្នេះថា «ពាក់ព័ន្ធនឹង​ដំណោះស្រាយ​អតីតទាសករ​ផ្លូវភេទ រដ្ឋាភិបាលជប៉ុន​ជាអ្នកទទួល​ខុស​ត្រូវ ហើយគ្មានសិទ្ធិនិយាយថា វាត្រូវបាន​ដោះស្រាយ​ហើយនោះ​ឡើយ»។ លោក​បន្ថែមថា «ជប៉ុនត្រូវតែប្រឈមមុខ​នឹង ការពិត និងយុត្តិធម៌​ប្រវត្តិសាស្ត្រ មិនតែប៉ុណ្ណោះ​យើងក៏សង្ឃឹម​ដែរថា ទីក្រុង​តូក្យូ នឹងផ្សះផ្សា​ដោយស្មោះត្រង់​ជាមួយ ប្រទេសជិត​ខាង ដែលបានទទួល​រងការឈឺចាប់​ដោយសារ​ជប៉ុន»

គួររំលឹកថា កាលពី​ខែធ្នូ ឆ្នាំ២០១៥ រដ្ឋាភិបាល​ជប៉ុន និងរដ្ឋាភិបាល​នៃអតីតប្រធានាធិបតី​កូរ៉េខាងត្បូង លោក​ស្រី ផាក គឺនហេ បានឈាន​ដល់កិច្ចព្រមព្រៀង​ ក្នុងការដោះស្រាយ​បញ្ហាអតីតស្ត្រី​កូរ៉េខាងត្បូង ដែលត្រូវបាន​យោធាជប៉ុន​ បង្ខំឱ្យធ្វើ ជាទាសករផ្លូវភេទ​នៅអំឡុងសង្រ្គាម​លោកលើក​ទី ២។ ផ្អែកលើកិច្ច​ព្រមព្រៀងនេះ ជប៉ុនយល់​ព្រមបង់ប្រាក់​ ០៩លានដុល្លារ ប៉ុន្តែ​លោក មូន ជែអ៊ីន បានរិះគន់​លើកិច្ច​ព្រមព្រៀង​នេះ​យ៉ាងខ្លាំង៕