(ម៉ូស្គូ)៖ ខណៈកំពុងចូលរួមក្នុងសង្រ្គាមស៊ីរីមិនទាន់​អស់ចិត្ត នៅខាងក្រោយ​ឆាកឯណេះវិញ​សហរដ្ឋអាមេរិក និងរុស្ស៊ីបាន​ចាប់ផ្ដើមធ្វើ​​សង្រ្គាមពាក្យ​សម្ដីជាថ្មី ដោយចោទ​ប្រកាន់គ្នាទៅវិញ​ទៅមក​ថា អ្នកដុតភ្លើង និងអ្នក​ពន្លត់​ភ្លើង គឺមនុស្សតែមួយ។ កាលពី​ថ្ងៃទី២៧ ខែកុម្ភៈ អគ្គមេបញ្ជាការយោធាអាមេរិក លោក ចូសិប វ៉ូទែល (Joseph Votel) បានបន្ទោស​រុស្ស៊ីថា ជាអ្នកដុតបញ្ឆេះ​សង្រ្គាម ហើយតាំងដើរតួធ្វើជាអ្នក​ពន្លត់សង្រ្គាម​នៅស៊ីរី។

ពាក់ព័ន្ធនឹង​ការចោទប្រកាន់​គ្នានេះដែរ សារព័ត៌មាន​រុស្ស៊ី Sputnik កាលពីថ្ងៃពុធ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ បាននិយាយថា សហរដ្ឋអាមេរិក តែងតែដើរតួជាអ្នកការពារ។ ប៉ុន្តែតាមពិត មនុស្សស្ទើរតែគ្រប់គ្នាសុទ្ធ​តែដឹងថា​ ទីក្រុងវ៉ាស៊ីនតោន​នេះឯង ដែលជាអ្នកដើរ​ដុតបញ្ឆេះ សង្រ្គាម ហើយបង្ខំឱ្យ​អ្នកដទៃ​ទទួល​យក​លទ្ធិប្រជាធិបតេយ្យ​ ស្ដង់ដាអាមេរិក​កាំង។ ដើម្បីបញ្ជាក់​ពី​ការអះអា​ង​បែបនេះ Sputnik​ បានលើកឡើង​ពីប្រទេស​ចំនួន ០៤ ​ដែលសហរដ្ឋអាមេរិក​ជាដុតបញ្ឆេះ​សង្រ្គាម ហើយដើរតួជា​អ្នកពន្លត់​សង្រ្គាម៖

១. អាហ្វហ្គានីស្ថាន៖ នៅឆ្នាំ២០០១ ជាការឆ្លើយតប​នឹងមហាភេរវកម្ម​ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ សហរដ្ឋអាមេរិក ក្រោម​រដ្ឋបាលអតីតប្រធានាធិបតី​លោក​ ចច ដាប់ប៊ែលយូ ប៊ូស (George W. Bush) បានសម្រេចចិត្ត​បញ្ជូនកងទ័ព​អាមេរិក ទៅកាន់ប្រទេស​អាហ្វហ្គានីស្ថាន​ ដើម្បីកម្ទេច​ក្រុមអាល់កៃដា និងរដ្ឋាភិបាល​តាលីបង់ នៅពេលនោះ។ ប៉ុន្តែក្នុង​រយៈពេល​ជាង ១៧ឆ្នាំមកនេះ ទីក្រុង​វ៉ាស៊ីនតោន មិនអាចបញ្ចប់​សង្រ្គាមបាន​ឡើយ រីឯក្រុមតាលីបង់​នៅតែគ្រប់គ្រងទឹកដី​មួយផ្នែកធំ ហើយការវាយប្រហារ​បំផ្ទុះគ្រាប់បែក​ទាំងធំទំាងតូច នៅតែបន្តកើតឡើង​ស្ទើររាល់ថ្ងៃ។ ចំណែកឯ អ្នករងគ្រោះ​នៅតែជា​ប្រជាជន​អាហ្វាហ្គានីស្ថាន។

២. អ៊ីរ៉ាក់៖ កាលពីឆ្នាំ២០០៣ រដ្ឋបាលរបស់​លោក ចច ដាប់ប៊ែលយូ ប៊ូស (George W. Bush) ដដែល​បានលើក​ទ័ពឈ្លាន ចូលប្រទេសអ៊ីរ៉ាក់​​ដោយចោទ​ប្រកាន់ថា រដ្ឋាភិបាល​របស់មេដឹកនាំ សាដដាំ ហ៊ូស្សេន (Saddam Hussein) មានអាវុធ​ប្រល័យ​លោក។ នៅពេលនោះ មានសេចក្ដី​រាយការណ៍​ជាច្រើន បាននិយាយថា ទីភ្នាក់ងារស៊ើបការណ៍​សំងាត់​អាមេរិក CIA បញ្ជាក់ថា អ៊ីរ៉ាក់ គ្មានអាវុធ​នុយក្លេអ៊ែរឡើយ តែលោក ប៊ូស នៅតែ​បញ្ជាឱ្យ CIA​ សរសេរ​របាយការណ៍ថា ទីក្រុង​បាកដាដ​មានអាវុធ​នុយក្លេអ៊ែរ ដើម្បីឱ្យសភា​ទម្លាក់កញ្ចប់​ថវិកាវាយកម្ទេច​រដ្ឋាភិបាលអ៊ីរ៉ាក់របស់ Saddam Hussein។
លើសពីនេះ​ទៅទៀត ក្រោយ​របប Saddam Hussein ដួលរលំ អាមេរិក​មិន​​បាន​រកឃើញថា អ៊ីរ៉ាក់មាន​អាវុធនុយក្លេអ៊ែរ​នោះទេ ប៉ុន្តែអ្វីៗបាន​ហួសពេលអស់​ទៅហើយ ពោលគឺសង្រ្គាម​នៅតែបន្តកើត​មាន រហូតដល់ក្រុម​ភេរវករ ISIS ត្រូវបានបង្កើត​ឡើង ហើយជនស៊ីវិល​ស្លូតត្រង់​អ៊ីរ៉ាក់រាប់​ម៉ឺននាក់​ បានបាត់បងជីវិត រីឯសេដ្ឋកិច្ច ព្រមទាំង​ហេដ្ឋា​រចនាសម្ព័ន្ធ ត្រូវបំផ្លាញ​ស្ទើរក្លាយជាផេះ។

៣. លីប៊ី៖ ដោយសំអាងថា​របបដឹកនាំលីប៊ី​របស់ លោក មួអាម៉ា ហ្គាដាហ្វី (Muammar Gaddafi) រំលោភសិទ្ធិមនុស្ស ក្រុមប្រឹក្សា​សន្តិសុខ​ នៃអង្គការ​សហប្រជាជាតិ​ដែលមានរុស្ស៊ី​ខ្លួនឯង​ជាសមាជិក​អចិន្ត្រៃយ៍ផងនោះ បានអនុម័ត​កាលពី​​ថ្ងៃទី១៧ ខែមិនា ឆ្នាំ២០១១ លើសេចក្ដីព្រាង​ដំណោះស្រាយ​របស់​សហរដ្ឋអាមេរិក ក្នុងការធ្វើ​អន្តរាគមន៍យោធា​នៅលីប៊ី​ ដើម្បីបង្កើតលិទ្ធិ​ប្រជាធិបតេយ្យ សម្រាប់​ប្រជាជន​លីប៊ី។

ប៉ុន្តែអ្វីគឺផ្ទុយពី​ការរំពឹងទុក ក្រោយរបប​ដឹកនាំ Gaddafi ដួលរលំ ប្រទេសលីប៊ី និងអ្វីដែលប្រជាជន​លីប៊ីធ្លាប់មាន​ក្រោម សម័យដឹកនាំរបស់ជនផ្ដាច់ការ​រូបនេះ ត្រូវបានគេមើល​ឃើញថា បានស្លាប់ទៅ​ជាមួយលោក។ លីប៊ីពី​ប្រទេសអ្នកមាន និង មានសន្តិភាព​ក្លាយជាប្រទេស​ត្រូវបំផ្លិចបំផ្លាញ និងអសន្តិសុខបំផុត​នៅក្នុងពិភពលោក ស្របពេល​ប្រជាជន​លីប៊ីខ្លះនឹង ស្ដាយស្រណោះ​លីប៊ីជំនាន់ Gaddafi។

៤. ស៊ីរី៖ ចាប់តាំងពី​ឆ្នាំ២០១៤ សហរដ្ឋអាមេរិក​បានដឹកនាំក្រុមចំរុះ​អន្តរជាតិ ធ្វើប្រតិបត្តិការ​វាយប្រហារតាម​ផ្លូវអាកាស​ប្រឆាំង នឹងពួក ISIS ដោយគ្មាន​ការអនុញ្ញាតពី​ប្រទេសស៊ីរី និងអង្គការសហប្រជាជាតិ។ ប៉ុន្តែបើតាមរដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយស៊ីរី ការវាយប្រហារតាមផ្លូវអាកាស​របស់សហរដ្ឋអាមេរិក បានបណ្ដាលឱ្យ​ជនស៊ីវិលរាប់រយនាក់​​បាត់បង់ជីវិត ហើយបើ​និយាយពី​ហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ច ការរស់នៅ​របស់​ប្រជាជនស៊ីរី ក៏បានធ្លាក់ដល់​ចំណុចសូន្យ​ផងដែរ៕