(ប៊ែរឡាំង)៖ ឋានព្រះច័ន្ទដែលនៅចំពោះមុខយើងនេះ នឹងមានប្រព័ន្ធទូរស័ព្ទ 4G ប្រើប្រាស់ជាផ្លូវការ នៅអំឡុងឆ្នាំ២០១៩ខាងមុខនេះហើយ ដោយក្រុមហ៊ុន Vodafone សាខានៅអាល្លឺម៉ង ជាអ្នកទទួលបន្ទុកធ្វើការអភិវឌ្ឍ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០១ ខែមិនា ឆ្នាំ២០១៨។
ក្រុមហ៊ុនបណ្តាញទូរគមនាគមន៍ចំរុះ ដែលមានសាខានៅអាល្លឺម៉ង់ Vodafone បានបង្កើតក្រុមការងារអភិវឌ្ឍន៍គំរោងខាងលើនេះរួចទៅហើយ ដោយមានកិច្ចសហការជាមួយនឹងក្រុមហ៊ុន Nokia។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ Vodafone ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងឡុងដ៍ នៃចក្រភពអង់គ្លេស។
សម្រាប់គំរោងខាងលើនេះដែរ នឹងជួយទំនុកបំរុងដល់កម្មវិធីផលិតយានចល័តនៅលើឋានព្រះច័ន្ទ តាមរយៈក្រុមហ៊ុន PTScientists ដែលជាក្រុមហ៊ុនអវកាសឯកជនមួយ មានមូលដ្ឋាននៅទីក្រុងប៊ែរឡាំង សហព័ន្ធអាល្លឺម៉ង់។ យានធំមួយគ្រឿង និងយានតូចចំនួនពីរគ្រឿង នឹងត្រូវធ្វើការបាញ់បង្ហោះ ឲ្យទៅចុះចតលើឋានព្រះច័ន្ទ តាមរយៈគ្រាប់រ៉ុក្កែត SpaceX Falcon 9 ដែលទើបតែត្រូវបង្កើនសមត្ថភាពឲ្យខ្លាំងបំផុត។
ជុំវិញបញ្ហានេះ ក្រុមហ៊ុន PTScientists បាននិយាយថា ក្រុមការងាររបស់ខ្លួន មានការប្តេជ្ញាចិត្តជាស្រេច នៅក្នុងការបន្ថយការចំណាយទៅលើការរុករកទីអវកាស និងស្វែងរកការឯកភាពគ្នា ដើម្បីបញ្ជូនយានទៅឋានព្រះច័ន្ទ។ សម្រាប់យានរបស់ក្រុមការងារដែលបានសហការគ្នាខាងលើនេះ នឹងធ្វើការសិក្សាទៅលើអ្វីដែលជាសក្តានុល របស់យាន Apollo របស់អាមេរិក ដែលបានដឹកនាំអវកាយានិក ទៅចុះចតនៅលើព្រះច័ន្ទ កាលពីខែធ្នូ ឆ្នាំ១៩៧២។
ដោយឡែកក្រុមហ៊ុន Nokia ឯណោះវិញ នឹងធ្វើការបង្កើតសមត្ថភាព នៃបណ្តាញ Ultra Compact Network ដែលជាប្រព័ន្ធផ្ទត់ផ្ទង់សេវាដ៏អស្ចារ្យមួយ មានទម្ងន់ ១គីឡូក្រាម (ប៉ុនកញ្ចប់ស្ករស) ដើម្បីភ្ជាប់ជាមួយយានទៅកាន់ព្រះច័ន្ទនោះ។ អ្វីដែលកាន់តែអស្ចារ្យ គឺក្រុមការងារចំរុះជាមួយនឹងក្រុមហ៊ុន PTScientists នឹងធ្វើការ Live វីដេអូពីឋានព្រះច័ន្ទ ដើម្បីឲ្យអ្នកនៅលើផែនដី អាចទស្សនាបានដោយរំភើបរីករាយផងដែរ៕