(​ញូយ៉ក)៖ ក្រុមប្រឹក្សា​សន្តិសុខអង្គការ​សហប្រជាជាតិ (​UNSC) បានបង្ហាញ​ការសោកស្ដាយ​ជាខ្លាំង​ ចំពោះបរាជ័យ​ក្នុងការ អនុវត្តន៍បទឈប់បាញ់នៅក្នុង​ប្រទេសស៊ីរី។ បើទោះ​ជាមានបទ​ឈប់បាញ់ ក៏ការវាយប្រយុទ្ធគ្នា​នៅតែបន្ត​កើតមាន ហើយ​ភាគី ជម្លោះបាន​ចោទប្រកាន់ដាក់គ្នា​ទៅវិញ​ទៅមក ខណៈប្រជាជន​ស៊ីវិលស៊ីរីហាក់​ដូចជាកំពុងរស់នៅក្នុងនរក​នៅលើដី។ នេះ បើតាមការ​ចេញផ្សាយ​ដោយ ទីភ្នាក់ងារ​សារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០១ ខែមិនា ឆ្នាំ២០១៨។

កាលពីថ្ងៃសៅរ៍ សប្ដាហ៍​មុន UNSC បានអនុម័ត​ដំណោះស្រាយលេខ ២៤០១ ដោយអំពាវនាវ​ឱ្យមានបទឈប់បាញ់ រយៈពេល ៣០ថ្ងៃ នៅទូទាំង​ប្រទេសស៊ីរី ដើម្បីទុកលទ្ធភាព​ឱ្យក្រុមមន្ត្រី​មនុស្សធម៌ ដឹកជំនួយទៅកាន់​ប្រជាជន​ស៊ីរី។ ក៏ប៉ុន្តែបទ ឈប់បាញ់នេះ​មិនត្រូវបានគេ​គោរពឡើយ ហើយការវាយប្រយុទ្ធគ្នា​នៅតែបន្តកើត​មាននៅក្នុង​តំបន់ ហ្គួតា (Ghouta) ភាគ​ខាងកើត ។

ដោយឡែក ជុំវិញបញ្ហា​នេះដែរថ្លែងនៅ​ចំពោះមុខ UNSC កាលពី​ថ្ងៃពុធ មន្ត្រីជាន់ខ្ពស់​យូអិនទទួលបន្ទុក​កិច្ចការនយោបាយ លោក ចេហ្វហ្វ្រេយ៍ ហ្វែលមែន (Jeffrey Feltman) បានសម្ដែង​ការ​សោកស្ដាយ​​ជាខ្លាំង ចំពោះការរំលោភ​លើបទ​ឈប់បាញ់។​ «យើង​នៅទីនេះ​សាជាថ្មី ពីព្រោះដំណោះ​ស្រាយលេខ ២៤០១ ស្ដីពីបទ​ឈប់បាញ់កាលពី​ប៉ុន្មានមុន​ មិនត្រូវបាន​គេគោរព ហើយវា​គ្មានពាក្យ ណាមួយ ដើម្បី​បង្ហាញពីការព្រួយបារម្ភ​របស់យើង​នោះឡើយ។ ប៉ុន្តែការ​ព្រួយ​បារម្ភនេះ មិនអាចប្រៀបធៀប​ទៅនឹងការឈឺ​ចាប់ របស់ប្រជាជន​ស៊ីរីបាន​នោះទេ»។ នេះជាការលើកឡើងរបស់លោក Jeffrey Feltman។

គួរបញ្ជាក់ថា បើតាម​លោក Jeffrey Feltman ជនស៊ីវិលយ៉ាងហោច​ណាស់ ៥៨០នាក់ ក្នុងនោះមានកុមារ​រាប់រយនាក់ ត្រូវបានសម្លាប់ និង១,០០០នាក់​ផ្សេងទៀតរងរបួស នៅក្នុងការវាយ​ប្រយុទ្ធគ្នា​ រវាងកងកម្លាំង​រដ្ឋាភិបាលស៊ីរី និងក្រុមឧទ្ទាម​ស៊ីរី នៅក្នុងតំបន់ Ghouta ភាគខាង​កើតចាប់តាំងពី​ថ្ងៃទី១៨ ខែកុម្ភៈមក៕