(ម៉ូស្គូ)៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ស៊ឺហ្គៃ ឡាវរ៉ូវ (Sergey Lavrov) បានចោទប្រកាន់សហរដ្ឋអាមេរិកថា កំពុងបណ្ដុះបណ្ដាលកងកម្លាំងនៃបណ្ដាប្រទេសអឺរ៉ុបជាសម្ព័ន្ធមិត្តរបស់ខ្លួន ក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ជាយុទ្ធសាស្ត្រប្រឆាំងនឹងរុស្ស៊ី។ នេះ បើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០១ មិនា ឆ្នាំ២០១៨។
លោក Lavrov ថ្លែងបែបនេះនៅអំឡុងពេលចូលរួមវេទិកាស្ដីពីការលុបបំបាត់អាវុធ រៀបចំឡើងក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស ពីថ្ងៃទី២៦ ខែកុម្ភៈ រហូតដល់ថ្ងៃ០២ ខែមិនា ឆ្នាំ២០១៨។ ថ្លែងនាឱកាសនោះដែរ ប្រមុខការទូតរុស្ស៊ីរូបនេះ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ការរក្សា និងការដាក់ពង្រាយអាវុធនុយក្លេអ៊ែរ មិនមែនយុទ្ធសាស្រ្ដរបស់សហរដ្ឋអាមេរិក នៅអឺរ៉ុប បាន និងកំពុងបង្កជាឧបសគ្គ ដល់ការលុបបំបាត់អាវុធនុយក្លេអ៊ែរនៅអឺរ៉ុប។ ដូច្នេះពិភពលោកគួរតែដឹងថា យោធាអាមេរិក កំពុងបណ្ដុះបណ្ដាលកងកម្លាំង នៃបណ្ដាប្រទេសអឺរ៉ុបក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ជាយុទ្ធសាស្ត្រប្រឆាំងនឹងរុស្ស៊ី»។
ប៉ុន្តែយ៉ាងណាក៏ដោយ លោក Sergey Lavrov នៅតែបង្ហាញក្ដីសង្ឃឹមថា បណ្ដាប្រទេសអឺរ៉ុបទាំងអស់ នឹងប្រឆាំងយ៉ាងម៉ឺង ម៉ាត់ទៅនឹងការដាក់ពង្រាយអាវុធនុយក្លេអ៊ែរអាមេរិក នៅលើទឹកដីរបស់ពួកគេ។ គួរបញ្ជាក់ដែរថា បើតាមលោកប្រមុខការទូតរុស្ស៊ី ឃ្លាំងអាវុធនុយក្លេអ៊ែររបស់រុស្ស៊ី ត្រូវបានកាត់បន្ថយច្រើនជាង ៨៥ភាគរយ បើធៀបទៅនឹងសម័យសង្រ្គាមត្រជាក់៕