(វ៉ាស៊ីនតោន)៖ ប្រធានទំនាក់ទំនងសេតវិមាន និងជាទីប្រឹក្សាដ៏យូរម្នាក់របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គឺអ្នកនាង ហូប ហ៊ីកស៍ (Hope Hicks) បានសម្រេចចិត្តលាលែពីតំណែងហើយ ដោយគ្រាន់តែមិនទាន់កំណត់ពេលជាក់លាក់តែប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០១ ខែមិនា ឆ្នាំ២០១៨។
ការសម្រេចចិត្តលាលែងពីតំណែងនេះ ធ្វើឡើងបន្ទាប់ពីអ្នកនាង ហូប ហ៊ីកស៍ (Hope Hicks) បានផ្ដល់សក្ខីកម្មនៅចំពោះមុខសភា។ ប៉ុន្តែអតីតតារាម៉ូឌែលវ័យ ២៩ឆ្នាំរូបនេះ បានអះអាងថា ការលាលែងពីតំណែងរបស់លោកស្រី មិនមានជាប់ពាក់ព័ន្ធនឹងការ ផ្ដលសក្ខីកម្មកាលពីថ្ងៃអង្គារនោះទេ។
«គ្មានពាក្យណាមួយ ដើម្បីបង្ហាញពីការដឹងគុណរបស់ខ្ញុំ ចំពោះលោកប្រធានាធិបតី ត្រាំឡើយ តែខ្ញុំសូមជូនពរឱ្យលោកប្រធានាធិបតី និងរដ្ឋបាលជួបសំណាងល្អ ខណៈលោកបន្តដឹកនាំប្រទេសរបស់យើង»។ នេះបើតាមការគូសបញ្ជាក់របស់អ្នកនាង Hope Hicks។
គួរបញ្ជាក់ថា អ្នកនាង ហូប ហ៊ីកស៍ (Hope Hicks) គឺជាអ្នកទីបួនដែលបម្រើការងារជាប្រធានទំនាក់ទំនងសេតវិមាន បន្ទាប់ពីលោក Anthony Scaramucci, លោក ស៊ាន ស្ប៉ៃស៊ឺ (Sean Spicer) និងលោក ម៉ៃក៍ ដាប់កេ (Mike Dubke) បានលាលែងពីតំណែងនេះ កាលពីឆ្នាំ២០១៧។ យ៉ាងណាក៏ដោយ បើតាមអ្នកនាំពាក្យសេតវិមាន លោកស្រី សារ៉ាហ៍ សេនដឺស៍ (Sarah Sanders) មិនទាន់ដឹងថា អ្នកនាង Hope ចាកចេញពីសេតវិមាន នៅពេលណានោះទេ៕