(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ នៅថ្ងៃពុធសប្តាហ៍នេះ បានព្យាយាមលុបបំបាត់ការព្រួយបារម្ភដែលថា លោកអាចនឹងក្លាយជនផ្ដាច់ការ ដោយនិយាយថា លោកចង់បញ្ចប់គោលបំណងរបស់លោក ក្នុងការបង្កើតសហព័ន្ធនិយម ដូច្នេះទើបលោកអាចបញ្ចប់តួនាទី ជាប្រធានាធិបតីមុនអាណត្តិ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០១ ខែមិនា ឆ្នាំ២០១៨។
លោក ឌូតឺតេ ថ្លែងបែបនេះនៅក្នុងបរិបទ ដែលអ្នករិះគន់រូបលោកសម្ដែងការមិនពេញចិត្ត ចំពោះការបង្កើតគណៈកម្មការ មួយមានសមាជិក ១៩រូប កាលពីខែមករាកន្លងទៅ។ គណៈកម្មាការនេះមានសមាសភាព ដូចជាអ្នកជំនាញផ្នែកច្បាប់រដ្ឋធម្មនុញ្ញ និងចៅក្រមកំពូលចូលនិវត្តន៍ បានស្នើឱ្យមានការបង្កើតគំរូសហព័ន្ធដូចគ្នា ទៅនឹងសហរដ្ឋអាមេរិក។
ចំណែកឯ ក្រុមអ្នករិះគន់ជឿជាក់ថា ការបង្កើតគណៈកម្មាការនេះ គឺមានចេតនាធ្វើសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីជួយសម្រួលដល់ការកាន់ អំណាចរបស់ លោក ឌូតឺតេ លើសឆ្នាំ២០២២ ជាពេលដែលលោកត្រូវបញ្ចប់អាណត្តិជាប្រធានាធិបតី។
យ៉ាងណាក៏ដោយ លោក ឌូតឺតេ បាននិយាយថា លោកមិនមានថាមពលតទៅទៀតនោះទេ។ «ខ្ញុំនឹងចុះចេញពីតំណែង នៅឆ្នាំ២០២០ ហើយខ្ញុំនឹងមិនរង់ចាំរហូតដល់ឆ្នាំ២០២២ នោះទេ ព្រោះខ្ញុំចាស់ហើយ ខ្ញុំគ្មានមហិច្ឆតាទៀតទេ។ ខ្ញុំពិតជា ចង់សម្រាក»។ នេះគឺជាការលើកឡើងរបស់ លោក ឌូតឺតេ នៅអំឡុងសុន្ទរថាមួយនៅថ្ងៃពុធនេះ។
គួរបញ្ជាក់ថា រដ្ឋធម្មនុញ្ញហ្វីលីពីនត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៨៧ បន្ទាប់ពីការធ្វើបដិវត្តន៍ទម្លាក់អតីតមេដឹកនាំផ្ដាច់ការ ហ្វីលីពីន លោក ហ្វែឌីណាន់ ម៉ាកូស (Ferdinand Marcos)។ ប៉ុន្តែក្រុមអ្នកជំនាញខ្លះយល់ថា លោក ឌូតឺតេ អាចនឹងទទួលជោគជ័យក្នុងការ ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដោយហេតុថាលោកមានប្រជាប្រិយភាព និងគ្រប់គ្រងសំឡេងភាគច្រើននៅក្នុងសភា៕