(មូស្គូ)៖ គណៈកម្មាធិការកីឡាអូឡាំពិកអន្តរជាតិ (IOC) នៅថ្ងៃពុធនេះ បានសម្រេចចិត្តលុបចោលការព្យួរសមាជិកភាព នៃគណៈកម្មាធិការអូឡាំពិករុស្ស៊ី (ROC) ជុំវិញការប្រើប្រាស់សារធាតុជំនួយកម្លាំង។ ការព្យួរសមាជិកភាព ROC ត្រូវបាន ធ្វើឡើងកាលពីមុនពេលព្រឹត្តិការណ៍កីឡាអូឡាពិករដូវរងាឆ្នាំ២០១៨ ក្នុងទីក្រុង PyeongChang ប្រទេសកូរ៉េខាងត្បូង ដែលបានបិទបញ្ចប់កាលពីថ្ងៃទី២៥ ខែកុម្ភៈ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅថ្ងៃពុធ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨។
កាលពីសប្ដាហ៍មុន ROC បានបង់ប្រាក់ជាង១៥លានដុល្លារ ដល់ IOC ដើម្បីទទួលបានសមាជិកភាពត្រឡប់មកវិញ ក្នុងគោលបំណងជួយសម្រួលដល់អត្តពលិករុស្ស៊ី អាចចូលរួមក្នុងដើរជាក្បួនដង្ហែក្រោមទង់ជាតិរុស្ស៊ី នៅឯពិធីបិទព្រឹត្តិការណ៍ កីឡាអូឡាំពិកក្នុងទីក្រុង PyeongChang។ ក៏ប៉ុន្តែ IOC បានបោះឆ្នោតរក្សាទុកជាបានការដដែល នូវការដាក់បម្រាមរបស់ ខ្លួនដោយបញ្ជាក់ថា ពួកគេបានរកឃើញថាអត្តពលិករុស្ស៊ីពីរនាក់មានប្រើប្រាស់សារធាតុជំនួយកម្លាំង។ យ៉ាងណាក៏ដោយ នៅថ្ងៃពុធនេះ IOC បានសម្រេចចិត្តលុបចោលបម្រាមនេះទៅវិញ ក្រោមហេតុផលថាការប្រើប្រាស់សារធាតុជំនួយកម្លាំងនោះធ្វើឡើងជាលក្ខណៈបុគ្គល។
គួររំលឹកថា កាលពីខែធ្នូ ឆ្នាំ២០១៧ IOC បានព្យួរសមាជិកភាព ROC និងបានហាមឃាត់អត្តពលិករុស្ស៊ីច្រើនជា៥០នាក់ ពីការចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាក្នុងទីក្រុង PyeongChang៕