(ពិភពលោក)៖ នៅថ្ងៃពុធ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹង ថាតើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី នៅថ្ងៃពុធនេះ បានរាយការណ៍ថា យន្តហោះចម្បាំងរុស្ស៊ី Su-24MR បានធ្វើបេសកកម្ម ហោះហើរ តាមការគ្រោងទុក នៅលើតំបន់សមុទ្រជប៉ុន ដែលប្រការនេះទីក្រុងតូក្យូ តែងតែរិះគន់ និងធ្វើការតវ៉ា៕
២៖ ផែនការរុករកឋានព្រះច័ន្ទម្តងទៀត ពីសំណាក់សហរដ្ឋអាមេរិក មិនមែនជារឿងដែលស្ថិតនៅក្នុងក្តីសុបិន្តទៀតឡើយ ដោយទីភ្នាក់ងារអវកាស NASA ក្រោយទទួលបានគោលនយោបាយអវកាសថ្មី ពីសំណាក់រដ្ឋបាល លោក ដូណាល់ ត្រាំ នោះ កំពុងតែដុតដៃដុតជើង ក្នុងការសិក្សា អភិវឌ្ឍន៍យាន និងបញ្ជូនមនុស្សទៅជាន់ដីព្រះច័ន្ទម្តងទៀត នៅអំឡុងចុង ទសវត្សរ៍ឆ្នាំ២០២០ (ឆ្នាំ២០២៩ យ៉ាងយូរ)៕
៣៖ ក្រសួងការពារជាតិរុស្ស៊ីបានសម្ដែងការមិនពេញចិត្តជាខ្លាំង ចំពោះអគ្គមេបញ្ជាការយោធាអាមេរិក លោកឧត្ដមសេនីយ ចូសិប វ៉ូទែល (Joseph Votel) សម្រាប់ការចោទប្រកាន់ថា ទីក្រុងម៉ូស្គូកំពុងដើរតួនាទីជាអ្នកដុតភ្លើង និងជាអ្នក ពន្លត់ភ្លើងផងនៅក្នុងប្រទេសស៊ីរី៕
៤៖ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឈានដល់កិច្ចព្រមព្រៀងមានតម្លៃជាង ៣.៩ពាន់ លានដុល្លារ ជាមួយក្រុមហ៊ុនផលិតយន្ដហោះអាមេរិក Boeing ក្នុងការផលិតយន្ដហោះ Air Force One ថ្មីចំនួនពីរគ្រឿង សម្រាប់ប្រធានាធិបតីអាមេរិក៕
៥៖ ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក USGS បានឱ្យដឹងថា គ្រោះរញ្ជួយដីកំរិត ៦.០រ៉ិចទ័រ បានវាយប្រហារ ជាថ្មីនៅចំងាយ ១១១គីឡូម៉ែត្រ ពីភាគនិរតីនៃប្រទេសដែនកោះប៉ាពួញូហ្គីណេ នៅថ្ងៃពុធនេះ។ ប៉ុន្តែមិនមាន សេចក្ដីរាយការណ៍ពី ជនរងគ្រោះ ឬការខូចខាតនោះទេ៕
៦៖ ទីបំផុតមហាយក្សយោធាលេខ ២ នៅលើពិភពលោក គឺសហព័ន្ធរុស្ស៊ី បានលោតមកឈរលេខរៀងទី ៥ ក្នុងនាមជាប្រទេសកាន់កាប់មាសសុទ្ធ ច្រើនបំផុត ក្នុងចំណោមប្រទេសធំៗទាំង ៥ នៅលើសកលលោកយើងនេះ៕