(អាមេរិក)៖ ផែនការរុករកឋានព្រះច័ន្ទម្តងទៀត ពីសំណាក់សហរដ្ឋអាមេរិក មិនមែនជារឿងដែលស្ថិតនៅក្នុងក្តីសុបិន្តទៀតឡើយ ដោយទីភ្នាក់ងារអវកាស NASA ក្រោយទទួលបានគោលនយោបាយអវកាសថ្មី ពីសំណាក់រដ្ឋបាល លោក ដូណាល់ ត្រាំ នោះ កំពុងតែដុតដៃដុតជើង ក្នុងការសិក្សា អភិវឌ្ឍន៍យាន និងបញ្ជូនមនុស្សទៅជាន់ដីព្រះច័ន្ទម្តងទៀត នៅអំឡុងចុងទសវត្សរ៍ឆ្នាំ២០២០ (ឆ្នាំ២០២៩ យ៉ាងយូរ)។ នេះបើតាមការដកស្រង់ពី Space.com នាល្ងាចថ្ងៃពុធ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨។
ការអះអាងខាងលើនេះ ត្រូវបានធ្វើឡើងនៅអំឡុងពិធីទទួលទានអាហារពេលព្រឹក នៃសមាគមអ្នកដឹកជញ្ជូនអវកាស ដោយក្នុងនោះ លោក Robert Lightfoot បានលើកឡើងអំពីគោលដៅសំខាន់ៗរបស់អង្គការ NASA សម្រាប់ឆ្នាំ២០៣០ ហើយនឹងអ្វីដែលអាចធ្វើបាននាពេលនេះ ក្រោយថវិកាជាតិទ្រទ្រង់ដល់ពាក់កណ្តាលឆ្នាំ២០១៩ ត្រូវបានសម្រេចចេញកាលពីសប្តាហ៍មុន។
ជាក់ស្តែងអ្វីដែល NASA អាចធ្វើបាននោះ គឺការបញ្ជូនមនុស្សទៅឋានព្រះច័ន្ទ ដែលអាចជាគោលដៅសិក្សារយៈពេលវែងជាងមុន និងជាគំរោងសាងសង់មូលដ្ឋានមនុស្ស ជាអចិន្ត្រៃយ៍នៅលើនោះតែម្តង។ សម្រាប់អ្វីដែលត្រូវការការអភិវឌ្ឍដំបូងនោះ គឺស្ថានីយអវកាស ដែលត្រូវគោចរជុំវិញព្រះច័ន្ទ (Lunar Orbiting Platform - Gateway) ឬជាស្ថានីយសម្រាប់មនុស្ស Deep Space Gateway ដែលវាជាអ្វីដែលត្រូវធ្វើឡើងដើម្បីឲ្យក្លាយជាមន្ទីរពិសោធន៍របស់មនុស្ស នៅជុំវិញគន្លងគោចរនៃឋានព្រះច័ន្ទ ដែលនឹងចាប់ផ្តើមដំណើរការនៅឆ្នាំ២០២២។
គួរបញ្ជាក់ថា ថវិកាជាតិរបស់ NASA គឺមានការផ្តោតសំខាន់ច្រើន ទៅលើការផលិតយាន ដើម្បីធ្វើការចុះចតនៅលើផ្ទៃព្រះច័ន្ទ ដោយក្នុងនោះវាអាចមានយានតូចៗ សម្រាប់បម្រើក្នុងវិស័យពាណិជ្ជកម្មផងដែរ។ លោក Lightfoot បាននិយាយថា «ការបញ្ជូនយានទៅចុះលើផ្ទៃព្រះច័ន្ទ គឺធ្វើទៅតាមការស្នើសុំកាលពីមុន ហើយវានឹងមានចម្លើយនៅក្នុងពេលឆាប់ៗខាងមុខនេះ»៕