(ស្កុកហូម)៖ គ្រូបង្រៀនតួកគីម្នាក់ឈ្មោះ ហ្គោកហាន់ អាជឹកកូលូ ត្រូវបានគេធ្វើទារុណកម្មរហូតដល់ស្លាប់ នៅក្រោមការឃុំឃាំងរបស់ប៉ូលីស បន្ទាប់ពីការប៉ុនប៉ងរដ្ឋប្រហារយោធាកាលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ ពីការចូលជាសមាជិក នៃចលនាហ្គូលិន។ បន្ទាប់ពីជាប់ឃុំអស់រយៈ ១ឆ្នាំកន្លះទើបគេរកឃើញថា គ្មានទោស ហើយបានបញ្ចូនគាត់ឲ្យទៅបំពេញកាតព្វកិច្ចរបស់គាត់វិញ តែក្រោយមកគាត់បានស្លាប់ ដោយសារអការៈរបួសធ្ងន់ធ្ងរ។ នេះបើតាមការចុះផ្សាយរបស់មជ្ឈមណ្ឌល Stockholm សម្រាប់សេរីភាព ដកស្រង់នៅថ្ងៃទី២៨ កុម្ភៈ ឆ្នាំ២០១៨។
លោក អាជឹកកូលូ ត្រូវបានគេឃុំខ្លួនកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦ ពីបទឃុបឃិត និងអំពើភេរវកម្ម និងក្នុងអំឡុងពេលឃុំខ្លួនលោករយៈពេល ១៣ថ្ងៃ គាត់ត្រូវបានទទួលរងនូវការធ្វើទារុណកម្មរាងកាយ និងផ្លូវចិត្ត។ គាត់មិនដែលត្រូវបានសួរជាផ្លូវការទេ ហើយប៉ូលីសក៏មិនបានសូម្បីតែយកសេចក្តីថ្លែងការណ៍ពីគាត់។
ផ្ទុយទៅវិញ គាត់ត្រូវបានគេយកចេញពីបន្ទប់ឃុំឃាំងរបស់គាត់ ជារៀងរាល់ថ្ងៃ ដើម្បីធ្វើទារុណកម្ម ហើយបានប្រញាប់ប្រញាល់យកទៅមន្ទីរពេទ្យ នៅពេលស្ថានភាពរបស់គាត់កាន់តែយ៉ាប់យ៉ឺន រួចហើយត្រូវបានបញ្ជូនទៅឃុំខ្លួនវិញ។ បន្ថែមពីនេះ គាត់បានប្រាប់គ្រូពេទ្យអំពីការរំលោភបំពាន និងការធ្វើទារុណកម្ម។
ប៉ុន្តែក្នុងករណីមួយចំនួន ករណីរបស់គាត់មិនត្រូវបានចុះរបាយការណ៍សុខភាពទេ ហើយភស្តុតាងនៃការរំលោភបំពានលើរាងកាយ ត្រូវបានលាក់បាំងដោយប៉ូលីស។
តួកគីបានបណ្តេញចៅក្រម គ្រូបង្រៀន ប៉ូលីស និងមន្រ្តីរាជការស៊ីវិលជាង ១៥ម៉ឺននាក់ ចាប់តាំងពីថ្ងៃទី ១៥ ខែកក្កដា។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរបស់ប្រទេសតួកគីបានប្រកាសនៅថ្ងៃទី១២ ខែធ្នូឆ្នាំ២០១៧ថា មនុស្សចំនួន ៥៥,៦៦៥ នាក់ត្រូវបានចាប់ខ្លួន៕