(ប៉ាពួញូហ្គីណេ)៖ ក្រុមអ្នកស្រុក​នៅក្នុងតំបន់​រងគ្រោះ នៅថ្ងៃពុធនេះ​បាន​អះអាងថា មនុស្សយ៉ាងហោច​ណាស់ ២០នាក់ បានស្លាប់​បាត់បង់ ជីវិត​នៅក្នុងគ្រោះរញ្ជួយដី​កំរិតធ្ងន់មួយ ដែលបាន​វាយប្រហារលើ​ប្រទេសដែនកោះ​ប៉ាពួញូហ្គីណេ កាលពី​ថ្ងៃចន្ទ ខណៈក្រុម​អ្នកជួយសង្រ្គោះ​ កំពុង​បន្តប្រតិបត្តិការ​របស់​ពួកគេ។ នេះបើតាម​ការចេញ​ផ្សាយ​ដោយ ទីភ្នាក់​ងារសារព័ត៌មាន Reuters នៅ​រសៀលថ្ងៃពុធ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨។

ទីភ្នាក់ងារ​ស្ទាបស្ទង់​ភូមិសាស្ត្រអាមេរិក USGS កាលពី​ថ្ងៃចន្ទ បានឱ្យ​ដឹងថា គ្រោះរញ្ជួយដី​កំរិត ៧.៥រ៉ិចទ័រ បាន​វាយប្រហារ​នៅចំងាយ ៩៦គីឡូ​ម៉ែត្រ ពីភាគ​និរតីទីក្រុង​មែនឌី (Mendi) ស្ថិតនៅ​ភាគ​​ខាងត្បូង តំបន់​​ហៃឡេនស៍ (Highlands) របស់ ប្រទេស​​ដែនកោះ​ប៉ាពួញូហ្គីណេ (Papua New Guinea)។

គ្រោះ​រញ្ជួយដីនេះ បានផ្ដាច់យក​ជីវិតមនុស្ស ២០នាក់ (ពីដំបូងរាយការណ៍ថា ៣០នាក់ស្លាប់) និង​ជាង ៣០០នាក់​ទៀតរងរបួស ដែលនេះធ្វើ​ឱ្យគេព្រួយបារម្ភថា​ ចំនួនអ្នកស្លាប់​អាចនឹងបន្តកើន​ឡើង។

គួរបញ្ជាក់ថា បើតាម USGS​ គ្រោះរញ្ជួយដី​លើកទីពីរកំរិត ៦.០រ៉ិចទ័រ ក៏បានកើតឡើង​ផងដែរ​នៅ​ចំងាយ ១១១គីឡូម៉ែត្រ ពីភាគនិរតី​នៃប្រទេសដែន​កោះ​ប៉ាពួញូហ្គីណេ នៅថ្ងៃពុធនេះ ដោយវាមាន​ជម្រៅរញ្ជួយ ១០.០គីឡូម៉ែត្រទៅក្នុងដី។ ប៉ុន្តែមិនមាន សេចក្ដីរាយការណ៍​លម្អិតពីជនរងគ្រោះ ឬការខូចខាត​នៅឡើយទេ៕