(ម៉ូស្គូ)៖ ទីបំផុតមហាយក្សយោធាលេខ ២ នៅលើពិភពលោក គឺសហព័ន្ធរុស្ស៊ី បានលោតមកឈរលេខរៀងទី ៥ ក្នុងនាមជាប្រទេសកាន់កាប់មាសសុទ្ធ ច្រើនបំផុត ក្នុងចំណោមប្រទេសធំៗទាំង ៥ នៅលើសកលលោកយើងនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃពុធ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨។
តាមការបង្ហាញទិន្នន័យពីធនាគារជាតិរុស្ស៊ី (CBR) ការបង្កើនចំនួនមាសយ៉ាងច្រើនរបស់រុស្ស៊ី ធ្វើឲ្យប្រទេសនេះកាន់កាប់មាសរហូតដល់ទៅ ២០តោនបន្ថែម សរុបចំនួនបច្ចុប្បន្ន ១,៨៥៧តោន។ បើតាមតួលេខឲ្យដឹងទៀតថា ចំនួនមាសដែលរុស្ស៊ីកាន់កាប់នេះ គឺមានការកើនឡើងជារៀងរាល់ខែ គិតចាប់តាំងពីខែមីនា ឆ្នាំ២០១៥មក។
យោងតាមសារព័ត៌មាន RT របស់ប្រទេសរុស្ស៊ី ការបង្កើនមាសរុស្ស៊ី គឺស្ថិតនៅក្នុងគោលដៅធំមួយ ដែលត្រូវបានដាក់ចេញដោយ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ដែលនេះក៏ជាយុទ្ធសាស្ត្រចម្បងមួយ ធ្វើជារនាំងការពារប្រទេសដ៏ធំមួយនេះ ពីការកើតមានហានិភ័យ នៃភូមិសាស្ត្រនយោបាយ។
ទោះបីជារុស្ស៊ីជាប់លេខ ៥ ទៅហើយក្តី ប៉ុន្តែបើប្រៀបធៀបនឹងអាមេរិក ដែលនៅឈរលេខរៀងទី ១ យ៉ាងរឹងមាំនោះ គឺចំនួនខុសគ្នាឆ្ងាយណាស់។ គិតត្រឹមតួលេខចុងក្រោយ នៃដើមឆ្នាំ២០១៨នេះ អាមេរិកជាប់លេខ ១ មានមាសស្តុកច្រើនជាងគេ រហូតដល់ទី ៨,១៣៣តោន ខណៈអាល្លឺម៉ង់ជាប់លេខ ២ មានមាសរហូតដល់ ៣,៣៧៤តោន។
ដោយឡែក IMF (មូលនិធីរូបិយវត្ថុអន្តរជាតិ) មានមាស ២,៨១៤តោន (មិនគិតក្នុងប្រទេសលេខរៀង) ខណៈអ៊ីតាលីឈរលេខ ៣ មានមានសរុបជាង ២,៤៥០តោន និងបារាំងឈរនៅលេខ ៤ មានមាសសរុបជាង ២,៤៣០តោន។ បន្ថែមពីនេះចិន ដែលជាមហាយក្សសេដ្ឋកិច្ចលេខ ២ លើពិភពលោកនោះ មានមាសតម្កល់តិចជាងរុស្ស៊ីបន្តិច ឈរនៅលេខរៀងទី ៦ និងប្រទេសស្វីសឈរនៅលេខ ៧ មានជាង ១,០០០តោន៕