(ម៉ូស្គូ)៖ ក្រសួងការពារជាតិរុស្ស៊ីបានសម្ដែងការមិនពេញចិត្តជាខ្លាំង ចំពោះអគ្គមេបញ្ជាការយោធាអាមេរិក លោកឧត្ដមសេនីយ ចូសិប វ៉ូទែល (Joseph Votel) សម្រាប់ការចោទប្រកាន់ថា ទីក្រុងម៉ូស្គូកំពុងដើរតួនាទីជាអ្នកដុតភ្លើង និងជាអ្នកពន្លត់ភ្លើងផងនៅក្នុងប្រទេសស៊ីរី។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅរសៀលថ្ងៃពុធ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨។
ឆ្លើយតបទៅនឹងការកត់សម្គាល់របស់ លោក Joseph Votel កាលពីថ្ងៃអង្គារ អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី លោក អ៊ីហ្គ័រ កូណាហ្សេនកូវ (Igor Konashenkov) នៅថ្ងៃពុធនេះបាននិយាយបែបចំអកថា ប្រជាជនស៊ីវិលស៊ីរីកំពុងទទួលរងការឈឺចាប់ជាទីបំផុត នៅក្នុងតំបន់ដែលគ្រប់គ្រងដោយក្រុមចំរុះ និងក្រុមប្រដាប់អាវុធ គាំទ្រដោយសហរដ្ឋអាមេរិក។
លោក Konashenkov បានលើកឡើងយ៉ាងដូច្នេះថា «នៅខណៈពេលនេះ ប្រជាជនស៊ីវិលស៊ីរីនៅក្នុងតំបន់ ដូចជាទីក្រុង រ៉ាកកា (Raqqa) គ្រប់គ្រងដោយ ក្រុមចំរុះអន្តរជាតិ និងក្រុមប្រដាប់អាវុធមានសហរដ្ឋអាមេរិកនៅពីក្រោយ កំពុងទទួលរងការឈឺចាប់ជាទីបំផុត ក្នុងនោះរួមមានទាំង វិបត្តិមនុស្សធម៌ និងហេដ្ឋារចនាសម្ព័ន្ធត្រូវបានបំផ្លាញយ៉ាងដំណំ»។
គួរបញ្ជាក់ថា បើតាមលោក Igor Konashenkov ស្ថានភាពនៅក្នុងតំបន់គ្រប់គ្រងដោយសហរដ្ឋអាមេរិក គឺមិនមានតម្លា ភាពចំពោះទីក្រុងដាម៉ាស់ និងក្រុមអ្នកអង្កេតការណ៍នោះទេ បើទោះជាពួកគេបានប្រកាសពីជ័យជម្នះលើពួក ISIS ក៏ដោយ៕