(ម៉ូស្គូ)៖ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី នៅថ្ងៃពុធនេះបានរាយការណ៍ថា យន្តហោះចម្បាំងរុស្ស៊ី Su-24MR បានធ្វើបេសកកម្ម ហោះហើរតាមការគ្រោងទុក នៅលើតំបន់សមុទ្រជប៉ុន ដែលប្រការនេះទីក្រុងតូក្យូ អាចនឹងចេញសេចក្តីថ្លែងការណ៍រិះគន់ និងតវ៉ាជាថ្មីទៀត ដូចដែលបញ្ហាធ្លាប់បានកើតមានកាលពីពេលថ្មីៗនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់សារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨។
ទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ ផ្អែកលើសេចក្ដីរាយការណ៍របស់សារព័ត៌មានរុស្ស៊ី Sputnik បានឱ្យដឹងបន្ថែមយ៉ាងដូច្នេះថា «ពីឡុតនៃយន្ដហោះចម្បាំង Su-24MR មកពីទីបញ្ជាការយោធាតំបន់ភាគខាងកើត បានដឹកនាំការធ្វើបេសកកម្មហោះហើរ នៅលើតំបន់សមុទ្រជប៉ុន ហើយថា ការហោះហើរនេះត្រូវបានធ្វើឡើង ស្របទៅនឹងច្បាប់អន្តរជាតិក្នុងការប្រើប្រាស់ដែនអាកាស។ រីឯព្រំដែននៃ បណ្ដារដ្ឋដទៃមិនត្រូវបានរំលោភបំពានឡើយ។
គួរបញ្ជាក់ថា Su-24MR គឺជាប្រភេទយន្ដហោះច្បាំងបំបាំងកាយ ដែលរចនាឡើង នៅក្នុងសម័យអតីតសហភាពសូវៀត។ យន្ដហោះចម្បាំងនេះ មានស្លាបអាចបត់បែបបានយ៉ាងរហ័សបំផុត មានម៉ាស៊ីនពីរ និងមានកៅអីអង្គុយសម្រាប់ពីឡុតពីរនាក់ យ៉ាងពិសេសថែមទៀត។ ជុំវិញបញ្ហាស្រដៀងគ្នានេះ ប្រទេសជប៉ុនក៏ធ្លាប់ធ្វើការតវ៉ាផងដែរ ចំពោះការហោះហើរយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី នៅលើដែនសមុទ្រជប៉ុន ប៉ុន្តែទីក្រុងម៉ូស្គូក៏បានអះអាងដដែលតបទៅវិញដែរថា វាជារឿងស្របច្បាប់អន្តរជាតិ៕