BREAKING NEWS: គ្រោះរញ្ជួយដីខ្លាំងក្លាជាថ្មីកម្រិត ៦.០រ៉ិចទ័រ វាយប្រហារប្រទេសដីកោះ ប៉ាពួញូហ្គីណេ!
28-02-2018 10:56
(ហុងកុង)៖ ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក USGS បានឱ្យដឹងថា គ្រោះរញ្ជួយដីកំរិត ៦.០រ៉ិចទ័រ បានវាយប្រហារ ជាថ្មីនៅចំងាយ ១១១គីឡូម៉ែត្រ ពីភាគនិរតីនៃប្រទេសដែនកោះប៉ាពួញូហ្គីណេ នៅថ្ងៃពុធនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨។
យោងតាម USGS គ្រោះរញ្ជួយដីខាងលើ កើតឡើងនៅម៉ោងប្រមាណជា ៩៖៤៥នាទីព្រឹក ដោយមានជម្រៅរញ្ជួយ ១០.០គីឡូម៉ែត្រទៅក្នុងដី ហើយភ្លាមៗពុំទាន់មានសេចក្ដីរាយការណ៍លម្អិតពីជនរងគ្រោះ ឬការខូចខាតនៅឡើយទេ។
សម្រាប់គ្រោះរញ្ជួយដីនេះ បានកើតឡើងតែពីរថ្ងៃប៉ុណ្ណោះ បន្ទាប់ពីគ្រោះរញ្ជួយដីកំរិត ៧.៥រ៉ិចទ័រ បានវាយប្រហារនៅចំងាយ ៩៦គីឡូម៉ែត្រ ពីភាគនិរតីទីក្រុង មែនឌី (Mendi) ស្ថិតនៅភាគខាងត្បូង តំបន់ហៃឡេនស៍ (Highlands) របស់ប្រទេសដែនកោះប៉ាពួញូហ្គីណេ (Papua New Guinea)។
បន្ថែមពីលើនេះ អាជ្ញាធរប៉ាពួញូហ្គីណេ ក៏បានរាយការណ៍ដែរថា មនុស្សជាង ៣០នាក់ ត្រូវបានគេជឿជាក់ថា បាត់បង់ជីវិតបាត់ និងមនុស្សជាង ៣០០នាក់ ទៀតរងរបួស នៅក្នុងគ្រោះរញ្ជួយដីកំរិតធ្ងន់ធ្ងរនេះ។ ប៉ាពួញូហ្គីណេ ជារឿយៗតែង តែជួបប្រទះគ្រោះរញ្ជួយដី ដោយសារមានស្ថានដីស្ថិតនៅតំបន់ខ្សែក្រវ៉ាត់ភ្នំភ្លើងនៃមហាសមុទ្រប៉ាស៊ីហ្វិក ដែលងាយនឹង រងឥទ្ធិពលដោយរញ្ជួដី បន្ទុះភ្នំភ្លើង និងព្យុះសង្ឃរាផងដែរ៕