(វ៉ាស៊ីនតោន)៖ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឈានដល់កិច្ចព្រមព្រៀងមានតម្លៃជាង ៣.៩ពាន់ លានដុល្លារ ជាមួយក្រុមហ៊ុនផលិតយន្ដហោះអាមេរិក Boeing ក្នុងការផលិតយន្ដហោះ Air Force One ថ្មីចំនួនពីរគ្រឿង សម្រាប់ប្រធានាធិបតីអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨។
ជាមួយគ្នានោះដែរ បើតាមអ្នកនាំពាក្យសេតវិមាន លោក ត្រាំ បានឈានដល់កិច្ចព្រមព្រៀងមិនទាន់ផ្លូវការជាមួយ Boeing ទាក់ទិននឹងកិច្ចសន្យាកំណត់តម្លៃរបស់យន្ដហោះ Air Force One ថ្មី។ បន្ថែមពីលើនេះ អ្នកនាំពាក្យរូបនេះក៏បានបញ្ជាក់ ដែរថា កិច្ចព្រមព្រៀងអាចនឹងជួយសន្សំសំចៃពន្ធច្រើនជាង ១.៤ពាន់លានដុល្លារ ប៉ុន្តែវាមិនទាន់ទទួលស្គាល់ជាផ្លូវការនៅឡើយទេ។
គួររំលឹកថា កាលពីចុងឆ្នាំ២០១៦ លោក ដូណាល់ ត្រាំ បានព្រមានលុបចោលកិច្ចព្រមព្រៀង បន្ទាប់ពីក្រុង Boeing មាន គំរោងចំណាយប្រាក់ជាង ៤ពាន់លានដុល្លារ សម្រាប់យន្ដហោះប្រធានាធិបតីអាមេរិក ដែលតម្លៃនេះត្រូវបាន លោក ត្រាំ គឺ ស្ថិតនៅក្រៅការគ្រប់គ្រង រីឯ Boeing សន្យានឹងពិនិត្យមើលតម្លៃឡើងវិញ។ ជាធម្មតាយន្ដហោះស៊ីវិលរបស់ Boeing 747-8 មានតម្លៃមួយគ្រឿង ៣៩០លានដុល្លារ ប៉ុន្តែយន្ដហោះប្រធានាធិបតីត្រូវបង្កើនតម្លៃ ដោយសារតែការបន្ថែម ប្រព័ន្ធសន្តិសុខ និងការពារ ដ៏ទំនើបបំផុតនៅលើពិភពលោក៕