(សេអ៊ូល)៖ ក្រុមរដ្ឋអាជ្ញាកូរ៉េខាងត្បូង នៅថ្ងៃអង្គារសប្តាហ៍នេះ បានស្នើឱ្យតុលាការកាត់ទោស អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី ផាក គឺនហេ ដាក់ពន្ធនាគារ ៣០ឆ្នាំ ពីបទពុករលួយ ដែលនាំលោកស្រី ត្រូវគេទម្លាក់ចេញពីតំណែងកាលពីឆ្នាំ២០១៧។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃពុធ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨។
ក្រុមរដ្ឋអាជ្ញាកូរ៉េខាងត្បូង ក៏បានស្នើផងដែរដល់តុលាការទីក្រុងសេអ៊ូល ពិន័យឱ្យលោកស្រីបង់ប្រាក់សំណងជាង ១១០.៤លានដុល្លារ។ ប៉ុន្តែយ៉ាងណាក៏ដោយ តុលាការគ្រោងនឹងប្រកាសសាលក្រម លើជោគវាសនាអតីតប្រធានាធិបតី កូរ៉េខាងត្បូងរូបនេះ ថ្ងៃទី០៦ ខែមេសា ខាងមុខនេះ។
គួររំលឹកថា កាលពីខែមេសា ឆ្នាំ២០១៧ លោកស្រី ផាក គឺនហេ មានអាយុ ៦៦ឆ្នាំ ត្រូវបានតុលាការគេចោទប្រកាន់ជាផ្លូវការចំនួន ១៨ករណី ក្នុងនោះរួមមានទាំងបទពុករលួយ និងរំលោភអំណាចរដ្ឋ តាមរយៈការបើកដៃ ឱ្យមិត្តភក្តិជិតស្និទ្ធម្នាក់របស់ខ្លួន ឈ្មោះ ឆយ ស៊ូនស៊ីល លូកដៃចូលក្នុងកិច្ចការរដ្ឋ និងបង្ខំឱ្យក្រុមធំៗនៅកូរ៉េខាងត្បូងបង់ប្រាក់រាប់លានដុល្លារចូល មូលនិធិដែលខ្លួនគ្រប់គ្រង។ ស្រ្តីឈ្មោះ ឆយ ស៊ូនស៊ីល ត្រូវបានតុលាការកាត់ទោសដាក់ពន្ធនាគារ ២០ឆ្នាំ រួចទៅហើយកាលពីជាងពីរសប្ដាហ៍មុន៕