(កាប៊ុល)៖ ពិតជាកម្របំផុតសម្រាប់ក្រុមសកម្មប្រយុទ្ធធំបំផុត ដែលបានបង្កព្យុះភ្លើង និងសម្លាប់មនុស្សរាប់មិនអស់នៅអាហ្វហ្គានីស្ថាន បានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃអង្គារនេះ ដោយអះអាងថា «ត្រៀមខ្លួនរួចរាល់ដើម្បីចរចាជាមួយសហរដ្ឋអាមេរិក» ក្នុងការរកច្រកចេញ និងដោះស្រាយវិបត្តិអាហ្វហ្គានីស្ថាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាល្ងាចថ្ងៃអង្គារ ទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨។
សេចក្តីថ្លែងការណ៍របស់តាលីបង់ តាមរយៈប្រព័ន្ធអនឡាញបានដឹងថា «ការិយាល័យនយោបាយនៃក្រុមតាលីបង់ តំណាងអាហ្វហ្គានីស្ថាន អំពាវនាវដល់មន្ត្រីរដ្ឋាភិបាលអាមេរិក ឲ្យបើកកិច្ចពិភាក្សាដោយផ្ទាល់ នៅឯការិយាល័យរបស់តាលីបង់ នៅក្នុងប្រទេសកាតា ដើម្បីស្វែងរកដំណោះស្រាយសន្តិភាព សម្រាប់អនាគតអាហ្វហ្គានីស្ថាន»។
គួរបញ្ជាក់ថា សេចក្តីប្រកាសរបស់ក្រុមតាលីបង់ខាងលើនេះ គឺបានកើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីជំនួយការនយោបាយអាមេរិកប្រចាំតំបន់ អាស៊ីខាងត្បូង និងអាស៊ីកណ្តាល លោកស្រី Alice Wells បានបំពេញទស្សនកិច្ចនៅអាហ្វហ្គានីស្ថាន និងជួបថ្នាក់ដឹកនាំអាហ្វហ្គានីស្ថានមួយចំនួន។ អាហ្វហ្គានីស្ថានបានចាប់យកសម្តី លោកស្រី Wells ដែលបញ្ជាក់ថា «សហរដ្ឋអាមេរិកនៅចំហទ្វារជានិច្ច សម្រាប់កិច្ចចរចាជាមួយក្រុមតាលីបង់»៕