(ព្យុងយ៉ាង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បានចោទប្រកាន់រដ្ឋាភិបាលជប៉ុនថា កំពុងធ្វើសកម្មភាពបំពុលបរិយាកាស ក្នុងការស្វែងរកសន្តិភាព និងសន្តិសុខនៅក្នុងតំបន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨។
នៅក្នុងបទអត្ថាធិប្បាយរបស់ខ្លួន ចេញផ្សាយកាលពីថ្ងៃចន្ទ សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ទីក្រុងតូក្យូមិនសប្បាយឡើយ ចំពោះការផ្សះផ្សា និងការស្វែងរកសន្តិភាពសម្រាប់ តំបន់ឧបទ្វីបកូរ៉េ ពីព្រោះជប៉ុនចង់ប្រើភាពតានតឹងនៅក្នុងតំបន់ ជាលេសវិលទៅរករបបយោធា និងប្រទេសមួយដែលចូលចិត្តធ្វើសង្រ្គាម»។
គួរបញ្ជាក់ថា កូរ៉េខាងជើង និងកូរ៉េខាងត្បូងបានព្រមព្រៀងគ្នាថា នឹងបន្តកិច្ចការលើកកម្ពស់ទំនាក់ទំនងអន្តរកូរ៉េ ក៏ដូចជា កសាងសន្តិភាពនៅលើឧបទ្វីបកូរ៉េ បន្ទាប់ពីព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាក្នុងទីក្រុង PyeongChang ដែលបានជួយឱ្យសា្ថនភាពរវាងកូរ៉េទាំងពីរ បានធូរស្រាលឡើងវិញ៕