(អាមេរិក)៖ ទោះបីជាអ្នកវិទ្យាសាស្ត្រប្រឹងប្រែង ស្វែងរកជីវិតភពផ្សេង ឬអេលៀន (Aliens) រាប់ទសវត្សរ៍យ៉ាងណាក៏ដោយ ក៏សញ្ញានៃពួកគេ មិនទាន់បានបង្ហាញអ្វីសោះឡើយ ទាំងនៅក្នុងប្រព័ន្ធព្រះអាទិត្យ និងពីក្រៅប្រព័ន្ធព្រះអាទិត្យ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Space.com នារសៀលថ្ងៃអង្គារ ទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយដកស្រង់បទសម្ភាសន៍ ជាមួយអ្នករូបវិទ្យាដ៏ល្បីល្បាញមួយរូប។
ទោះបីជាមានក្តីសង្ឃឹមតិចតួចក៏ដោយ ប៉ុន្តែក្រុមអ្នកវិទ្យាសាស្ត្របានអះអាងថា យ៉ាងយូរនៅចុងសតវត្សរ៍ទី ២១ នេះ (អំឡុងឆ្នាំ២០៩០) មនុស្សលោកនឹងអាចទទួលបានតំរុយពីក្រុមជីវិតក្រៅភពអេលៀន ប៉ុន្តែការលើកឡើងនេះ មិនបានបញ្ជាក់នោះឡើយថា តើមនុស្សនឹងអាចទាក់ទងជាមួយអេលៀន ដោយវិធីណាមួយ ឬក៏អាចដោយផ្ទាល់តែម្តងនោះឡើយ ប៉ុន្តែបើបច្ចេកវិទ្យាថ្មីៗ និងការខិតខំរបស់តារាវិទូនោះ ប្រាកដជាសម្រេចបាន។
បើតាមការ លោក Michio Kaku រូបវិទូជនជាតិជប៉ុនដ៏ល្បីល្បាញ ឆ្លើយតបទៅនឹងភាពដែលអាចទៅរួចថា មានជីវិតអេលៀន កំពុងកសាងអរិយធម៌ដ៏ល្បីល្បាញ និងអស្ចារ្យមួយ នៅភពផ្សេងក្រៅពីភពផែនដីនោះ លោក Kaku បានអះអាងថា «ខ្ញុំមានអារម្មណ៍ផ្ទាល់ខ្លួនថា យើងនឹងអាចធ្វើការទាក់ទងជាមួយអរិយធម៌ក្រៅភព ដោយធ្វើការស្តាប់ រលកវិទ្យុទូរគមនាគមន៍របស់ពួកគេ។ ប៉ុន្តែការនិយាយទៅកាន់ពួកគេនឹងជារឿងលំបាកខ្លាំងណាស់ ដោយសារតែពួកគេអាចមានចម្ងាយរាប់ពាន់ម៉ឺនឆ្នាំពន្លឺពីយើងឯណោះ»។
អ្វីដែលគួរឲ្យចាប់អារម្មណ៍បន្ថែម ក្រោមការលើកឡើងប្រកបដោយហេតុផល និងទស្សនៈវែងឆ្ងាយរបស់ លោក Kaku នោះ ទោះបីជាមនុស្សបានរកឃើញអេលៀនក៏ដោយ ក៏ឧបសគ្គជាច្រើននៅតែជួបប្រទះ ដូចជាមនុស្សត្រូវសិក្សា និងបកប្រែភាសានៃពួកអេលៀនទាំងនោះ ដើម្បីអាចយល់ពីការទំនាក់ទំនង និងលក្ខណៈនៃសង្គមជាតិរបស់ពួកគេ។
លោក Kaku បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «យើងត្រូវតែដឹងថា តើពួកគេស្ថិតក្នុងជំពូក ១ ២ ឬក៏ ៣?» ដែលសំនួរនេះ គឺចង់សំដៅទៅលើកម្រិត នៃការអភិវឌ្ឍបច្ចេកវិទ្យា និងអរិយៈធម៌របស់ពួកអេលៀនទាំងនោះ ដើម្បីឲ្យបានដឹងថា តើទំនាក់ទំនងរបស់ពួកគេ ប្រើប្រាស់ថាមពលក្នុងកម្រិតណាមួយ។ សំនួរបន្ថែមធំជាងនេះ ទៀត គឺថាតើពួកគេជាអរិយៈធម៌ កំណាច ឬក៏សន្តិភាព ក្នុងការធ្វើឲ្យយើងទាក់ទងប្រកបដោយទំនុកចិត្តនោះ?
បើតាមសម្តីដ៏មានតម្លៃ របស់លោក Kaku គឺថ្ងៃណាមួយពួកគេអាចជិះយានមកចុះចតលើទីវាលាសេតវិមានអាមេរិក ហើយប្រកាសប្រាប់អត្តសញ្ញាណ និងប្រភពរបស់ពួកគេតែម្តង ប៉ុន្តែលោកថា វាទំនងជាមិនអាចទៅរួចនោះឡើយ ព្រោះពួកគេយើងអាចត្រឹមតែជាព្រៃឈើ និងសត្វធាតុ នៅក្នុងកែវភ្នែកពួកគេប៉ុណ្ណោះ ដែលនិយាយរួមទៅ វានឹងមិនមែនជាទំនាក់ទំនងដ៏ប្រសើរនោះឡើយ។
គួរបញ្ជាក់ថា គំនិតរបស់លោក Michio Kaku គឺបានកើតមានឡើង បន្ទាប់ពីរូបវិទូមួយចំនួន បានលើកឡើងនាពេលកន្លងមក អំពីលទ្ធភាពដែលមនុស្សអាចរកឃើញអេលៀន ដោយក្នុងនោះ តារាវិទូមួយរូបបានព្យាករណ៍ថា វានឹងកើតឡើងអំឡុងពេល ១,៥០០ឆ្នាំទៀត ហើយអ្នកផ្សេងទៀតបែរជាគិតថា យើងអាចរកឃើញជីវិតឆ្លាតវៃ យ៉ាងហោចណាស់នៅអំឡុងឆ្នាំ២០៤០ តែប៉ុណ្ណោះ៕