ទីបំផុតស្ត្រីអារ៉ាប៊ីសាអូឌីត «ត្រូវបានអនុញ្ញាតឲ្យ ចូលបម្រើកងទ័ពហើយ» ដែលនេះជាសញ្ញាវិជ្ជមានថ្មី នៃការបើកទូលាយសេរីភាព...
27-02-2018 14:05
(រីយ៉ាដ)៖ ស្ត្រីនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ត្រូវបានអនុញ្ញាតឱ្យចុះឈ្មោះចូលបម្រើការងារក្នុងជួរយោធា ខណៈទីក្រុង រីយ៉ាដ កំពុងធ្វើកំណែងទម្រង់ជាប្រវត្តិសាស្ត្រ ឱ្យស្ត្រីទទួលបានអាជីព ក្រោយត្រូវបានហាមឃាត់រាប់ទសវត្សរ៍មកនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨។
ចាប់ពីពេលនេះតទៅ ស្ត្រីអារ៉ាប៊ីសាអូឌីត អាចដាក់ពាក្យស្នើសុំដំណែងក្នុងជួរកងទ័ព នៅតាមបណ្ដាទីក្រុងមួយចំនួន ដូចជា ទីក្រុង Riyadh, Mecca, al-Qassim និងទីក្រុង Medina ហើយដើម្បីដាក់ពាក្យ ត្រូវតែជាពលរដ្ឋអារ៉ាប៊ីសាអូឌីត និងមានអាយុចន្លោះពី ២៥ឆ្នាំ ដល់ ៣៥ឆ្នាំ ជាមួយសញ្ញាប័ត្រវិទ្យាល័យឡើងទៅ។ ការប្រកាសនេះបានកើតមានឡើង បន្ទាប់ពីអារ៉ាប៊ីសាអូឌីត បានអនុញ្ញាតឱ្យស្ត្រីបើកបររថយន្ដ បើករបបររកស៊ី និងអាចចូលរួមទស្សនាការប្រកួតកីឡាដោយ ម្នាក់ឯងមិនចាំបាច់មានអាណាព្យាបាលទៅតាម។
គួរបញ្ជាក់ថា អាជ្ញាធរអារ៉ាប៊ីសាអូឌីត ក៏បានអនុញ្ញាតឱ្យស្ត្រីស្នើសុំមុខដំណែងចំនួន ១៤០ នៅឯអាកាសយានដ្ឋាន និងប៉ុស្ដន៍ត្រួតពិនិត្យតាមព្រំដែនផងដែរ។ ក៏ប៉ុន្តែ ក្រុមសកម្មជនសិទ្ធិមនុស្សបាននិយាយថា ស្ត្រីអារ៉ាប៊ីសាអូឌីត នៅតែប្រឈមមុខនឹងការរើសអើង ក្រោមប្រព័ន្ធអាណាព្យាបាលបុរស ពោលគឺស្ត្រីធ្វើអ្វីមួយត្រូវមានប្ដី បងប្អូន ឬសាច់ញាតិ ទៅជាមួយ បើទោះជារដ្ឋាភិបាលទីក្រុងរីយ៉ាដ សន្យាលុបចោលវាក៏ដោយ៕