(សាន់ហ្រ្វាន់ស៊ីស្កូ)៖ ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានឱ្យដឹងថា ពុំមាននរណាម្នាក់រងរបួសឡើយ នៅក្នុងហេតុការណ៍បាញ់ ប្រហារនៅឯវិទ្យាល័យមួយក្នុងទីក្រុង តាកូម៉ា (Tacoma) នៃរដ្ឋវ៉ាស៊ីនតោន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨។
ហេតុការណ៍បាញ់ប្រហារនេះ បានកើតមានឡើងនៅចំពេលដែល ការប្រើប្រាស់កំាភ្លើងបាញ់សម្លាប់មនុស្សនៅតាមសាលារៀន កំពុងកក្រើកឡើងគួរឱ្យកត់សម្គាល់ នៅក្នុងសហរដ្ឋអាមេរិក នារយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ។ យោងតាមសារព័ត៌មាន Tacoma News ស្នូរគ្រាប់កំាភ្លើងបានផ្ទុះឡើង នៅបន្ទប់សម្រាកសម្រាប់សិស្សប្រុស កាលពីព្រឹកថ្ងៃចន្ទ នៅឯវិទ្យាល័យ Oakland High School ប៉ុន្តែវាមិនបានបណ្ដាលឱ្យនរណាម្នាក់រងរបួសនោះទេ ហើយការបាញ់ប្រហារនេះ បានកើតឡើងនៅចំពេលសិស្សប្រុសបីនាក់ កំពុងស្ថិតនៅក្នុងបន្ទប់សម្រាកនេះ។
ចំណែកឯកាមេរ៉ាសុវត្ថិភាព ក៏បានបង្ហាញដែរថា ពួកគេទាំងបីនាក់នេះបានរត់ចេញពីបន្ទប់នោះ និងសាលាភ្លាមៗ ខណៈសិស្សប្រុសពីរនាក់ត្រូវបានចាប់ខ្លួន ក្រោយផ្ទុះការបាញ់ប្រហារនេះ។ គួររំលឹកថា កាលពីថ្ងៃទី១៤ ខែកុម្ភៈ ខ្មាន់កំាភ្លើងម្នាក់អាយុ ១៩ឆ្នាំ បានបាញ់សម្លាប់មនុស្ស ១៧នាក់ នៅក្នុងវិទ្យាល័យ ម៉ាចូរី ស្តូនមែន ឌួក្លាស (Marjory Stoneman Douglas High School) នៃទីក្រុង ផាកឡេន (Parkland) រដ្ឋ Florida៕