(ស៊ីដនី)៖ អាជ្ញាធរនៃប្រទេសប៉ាពួញូហ្គីណេ បានរាយការណ៍ថា មនុស្សជាង ៣០នាក់ ត្រូវបានគេព្រួយបារម្ភថា អាចបាត់បង់ជីវិតបាត់ទៅហើយ និងមនុស្សជាង ៣០០នាក់ ទៀតរងរបួស នៅក្នុងគ្រោះរញ្ជួយដីកំរិតធ្ងន់ធ្ងរខ្លាំង ៧.៥រ៉ិចទ័រ ដែលបានវាយប្រហារលើប្រទេស ដែនកោះភាគខាងលិចមហាសមុទ្រប៉ាស៊ីហ្វិកមួយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃអង្គារ ទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨។
ថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លូន អាជ្ញាធរប៉ាពួញូហ្គីណេ បានបញ្ជាក់ដូច្នេះថា «មនុស្សច្រើនជាង ៣០នាក់ ត្រូវបានគេរាយការណ៍ថា បានបាត់បង់ជីវិត ប៉ុន្តែព័ត៌មាននេះមិនទាន់ទទួលស្គាល់ជាផ្លូវការនៅឡើយទេ»។
ទីភ្នាក់ងារតាមដានភូមិសាស្ត្រអាមេរិក USGS កាលពីថ្ងៃចន្ទម្សិលមិញនេះបានឱ្យដឹងថា គ្រោះរញ្ជួយដីកំរិត ៧.៥រ៉ិចទ័រ បានវាយប្រហារនៅចំងាយ ៩៦គីឡូម៉ែត្រ ពីភាគនិរតីទីក្រុង មែនឌី (Mendi) ស្ថិតនៅភាគខាងត្បូង តំបន់ហៃឡេនស៍ (Highlands) របស់ប្រទេសដែនកោះ ប៉ាពួញូហ្គីណេ (Papua New Guinea)។
គួរបញ្ជាក់ថា បើតាមទីភ្នាក់ងារដដែល គ្រោះរញ្ជួយដីនេះមានជម្រៅរញ្ជួយ ៣៥គីឡូម៉ែត្រ ទៅក្នុងដី។ ទីក្រុង Mendi មានប្រជាជនរស់នៅប្រមាណជា ៥០,០០០នាក់។ Papua New Guinea ជារឿយៗតែង តែជួបប្រទះគ្រោះរញ្ជួយដី ដោយសារមានស្ថានដីស្ថិតនៅតំបន់ខ្សែក្រវ៉ាត់ភ្នំភ្លើង នៃមហាសមុទ្រប៉ាស៊ីហ្វិក ដែលងាយនឹងរងឥទ្ធិពលដោយរញ្ជួដី បន្ទុះភ្នំភ្លើង និងព្យុះសង្ឃរាផងដែរ៕