(សិង្ហបុរី)៖ នាយករដ្ឋមន្ត្រីសិង្ហបុរី លោក លី ហ្ស៊ានឡុង (Lee Hsien Loong) នៅថ្ងៃអង្គារនេះបាននិយាយថា លោកនឹងរុះរើគណៈរដ្ឋមន្ត្រីរបស់លោក នៅប៉ុន្មានខែខាងមុខទៀតនេះ ដើម្បីទុកឱកាសឱ្យមេដឹកនាំជំនាន់ក្រោយ បង្ហាញសមត្ថភាព។ នេះបើតាមការផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨។
កាលពីឆ្នាំ២០១៧ លោក Lee ធ្លាប់បាននិយាយថា លោកនឹងចុះចេញពីដំណែងក្នុងរយៈពេល ០២ឆ្នាំ ខាងមុខទៀតនេះ ហើយថា សិង្ហបុរីនឹងរៀបចំការបោះឆ្នោតសកលនៅដើមឆ្នាំ២០២១។ បន្ថែមពីលើនេះ លោកក៏បានបញ្ជាក់ថាអ្នកបន្តវេន ពីរូបលោកទំនងជាសមាជិកនៅក្នុងគណៈរដ្ឋមន្ត្រីរបស់លោក។
«ខ្ញុំនឹងនឹងរុះរើគណៈរដ្ឋមន្ត្រីបន្ទាប់ពីការសម្រាករបស់សភា ដើម្បីផ្ដល់ឱកាស កាន់តែច្រើនឱ្យអ្នកដឹកនាំវ័យក្មេងបង្ហាញសមត្ថភាព និងទទួលខុសត្រូវ។ មួយវិញទៀត តាមរយៈផ្លូវនេះ អ្នកបន្តវេនរបស់ខ្ញុំនឹងទទួលបានការគំាទ្រយ៉ាងខ្លាំង និងបទពិសោធន៍កាន់តែច្រើន ក្នុងការដឹកនាំសិង្ហបុរី ឆ្ពោះទៅរកភាពល្អប្រសើរ និងអនាគតភ្លឺស្វាង»។ នេះជាការលើកឡើងរបស់ លោក Lee Hsien Loong នៅលើទំព័រ Facebook ផ្លូវការរបស់លោក។
គួរបញ្ជាក់ថា សភាសិង្ហបុរីនឹងបើកទ្វារឡើងវិញនៅខែឧសភា ក្រោយបិទសម័យប្រជុំ ឬសម្រាក៕