(អាមេរិក)៖ ទីបំផុតអ្វីមួយដែលអស្ចារ្យ បានកើតមានឡើងហើយ នៅអង្គការ NASA។ ម៉ាស៊ីនបាញ់គ្រាប់រ៉ុក្កែតដ៏ខ្លាំងក្លា ត្រូវបានធ្វើតេស្តរួចរាល់ ដែលឈ្មោះថ្មីរបស់គ្រាប់រ៉ុក្កែតថ្មីមួយនេះ គឺ Space Launch System (SLS) ហើយក៏នៅតែស្ថិតនៅក្នុងការអភិវឌ្ឍ ឲ្យបានប្រសើរឡើងបន្ថែមទៀតដែរ។ នេះបើតាមការចេញផ្សាយដោយ វែបសាយ Science Examine ដកស្រង់នៅព្រឹកថ្ងៃអង្គារ តី២៧ ខែកុម្ភៈ ឆ្នាំ២០១៨។
ដូចដែលធ្លាប់ដឹងកន្លងមកហើយ ប្រព័ន្ធ SLS នេះជាគ្រាប់រ៉ុក្កែតដ៏ខ្លាំង សម្រាប់បញ្ជូនយាន Orion ឡើងទៅកាន់ទីអវកាស ដើម្បីដឹកនាំមនុស្សទៅកាន់ឋានព្រះច័ន្ទម្តងទៀត រួមជាមួយនឹងភពព្រះអង្គារ នាពេលបន្តបន្ទាប់ទៀត។ សម្រាប់ការបញ្ជូនមនុស្សទៅឋានព្រះច័ន្ទឡើងវិញនេះ គឺជាគោលដៅថ្មីរបស់រដ្ឋបាល ដូណាល់ ត្រាំ ដែលចង់បង្ហាញភាពអស្ចារ្យឲ្យបានឆាប់ ជាជាងការប្រឹងសម្រុកទៅកាន់ភពអង្គារ ដោយប្រើពេលរាប់ទសវត្សរ៍ទៀត។
សម្រាប់ការធ្វើតេស្តប្រព័ន្ធ SLS នេះដែរ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី២១ ខែកុម្ភៈ នៅមជ្ឈមណ្ឌលអវកាស Stennus នៃរដ្ឋមីស៊ីស៊ីពពី (Mississippi) សហរដ្ឋអាមេរិក ដោយ NASA បានបង្ហាញមោទនភាពខ្ពស់ថា ម៉ាស៊ីននានានៅលើ SLS បានបញ្ចេញថាមពលរបស់វា ឈានដល់កម្រិតកំពូល មិនធ្លាប់មាននោះឡើយនៅអំឡុងពេលធ្វើតេស្តនោះ។ ជាក់ស្តែងម៉ាស៊ីននៅក្នុង SLS បានបង្កើនថាមពលលើសដល់ទៅ ១១៣% ក្នុងរយៈពេលតែ ២៦០វិនាទី ដែលវាពិតជាខ្លាំងក្លាណាស់។
គួរបញ្ជាក់ថា សម្រាប់ប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែត SLS ត្រូវបាន NASA ដុតដៃដុតជើងអភិវឌ្ឍន៍ជាង ៤០ឆ្នាំមកហើយ ដើម្បីទ្រទ្រង់កម្មវិធីដឹកនាំយានអវកាសធំៗ ឡើងទៅកាន់ទីអវកាស ហើយពេលនេះអង្គការ NASA ហាក់បានបង្ហាញចេញនូវការសម្រេចលើសពីផែនការ ១០០% ទៅទៀត។ នេះជាការវិវឌ្ឍន៍ថ្មីរបស់ NASA ឆ្លើយតបនឹងការភ្ញាក់ផ្អើល ចំពោះគ្រាប់រ៉ុក្កែត Falcon Heavy Rocket របស់ SpaceX ដែលទើបបានរុញច្រានរថយន្តស្ប៉ត Tesla ឡើងទៅទីអវកាស កាលពីពេលថ្មីៗកន្លងទៅ។
បើនិយាយពីសមត្ថភាពរុញច្រានយានរបស់ SLS វិញនោះ គឺវាអាចដឹកបានទម្ងន់ ២៦តោន ដើម្បីរុញច្រានយានឡើងទៅកាន់គន្លងគោចរកម្រិតទាប នៃភពផែនដី ហើយនិងបន្តរុញច្រានទៅកាន់ឋានព្រះច័ន្ទថែមទៀត។ ដោយឡែកគោលដៅអភិវឌ្ឍន៍ចុងក្រោយសម្រាប់ SLS អង្គការ NASA នឹងធ្វើឲ្យវាអាចដឹកនាំទម្ងន់រហូតដល់ ៤៥តោន ទៅកាន់ទីអវកាសផងដែរ៕