(រីយ៉ាដ)៖ ព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីត គឺព្រះចៅ សាល់ម៉ាន់ (Salman) បានចេញព្រះរាជក្រឹត្យទាំងយប់ ដោយបណ្ដេញមេបញ្ជាការយោធាជាន់ខ្ពស់ រួមទាំងប្រធានសេនាធិការយោធាជាច្រើននាក់។ ព្រះអង្គក៏បានជំនួសផងដែរក្បាលម៉ាស៊ីនកងទ័ពជើងគោក និងជើងអាកាស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃអង្គារ ទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨។
ព័ត៌មាននេះត្រូវបានចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Saudi Press Agency (SPA) កាលពីថ្ងៃចន្ទ ប៉ុន្តែមិនបានបញ្ជាក់ពីមូលហេតុ នៃការបណ្ដេញចេញនេះទេ។ លើសពីនេះទៅទៀត ការដកដំណែងនេះ ធ្វើឡើងនៅក្នុងបរិបទទីក្រុងរីយ៉ាដ កំពុងចូលរួមក្នុងសង្រ្គាមយ៉េមែន ជាទីដែលពួកគេកំពុងតស៊ូប្រយុទ្ធប្រឆាំងនឹង ក្រុមឧទ្ទាមហ៊ូទីគាំទ្រដោយអ៊ីរ៉ង់។
ប៉ុន្តែ ក្រុមជំនាញខ្លះយល់ថា វាធ្វើឡើងក្នុងគោលបំណងពង្រឹងអំណាចរបស់ព្រះអង្គម្ចាស់រាជទាយាទ ម៉ូហាំម៉េដ ប៊ីន សាល់ម៉ាន់ (Mohammed bin Salman) ដែលទ្រង់ក៏មានតួនាទីជារដ្ឋមន្ត្រីការពារជាតិផងដែរ។
គួររំលឹកថា កាលពីឆ្នាំ២០១៧ ព្រះអង្គម្ចាស់ Mohammed bin Salman ក៏ធ្លាប់បានដាក់ចេញផងដែរនូវយុទ្ធនាការ បោសសំអាតអំពើពុករលួយ តាមរយៈការឃាត់ខ្លួនព្រះអង្គម្ចាស់ រដ្ឋមន្ត្រី និងអ្នកជំនួញអារ៉ាប៊ីសាអូឌីតជាច្រើននាក់ មុននឹងពួកគេត្រូវបានដោះលែង ជាថ្នូរនឹងការបង់ប្រាក់សំណងរាប់លានដុល្លារ៕