(អង់ការ៉ា)៖ រដ្ឋាភិបាលតួកគីបានបញ្ជូនកងកម្ម៉ង់ដូពិសេសរបស់ខ្លួន ទៅកាន់ទីក្រុងអាហ្វ្រីន (Afrin) នៃភាគខាងជើងប្រទេសស៊ីរី ដើម្បីត្រៀមបើកប្រតិបត្តិការវាយលុកថ្មីមួយ ប្រឆាំងនឹងក្រុមឧទ្ទាមឃើដ YPG។ ព្រមពេលជាមួយគ្នា តួកគីក៏បានអះអាង ដែរថា ដំណោះស្រាយបទឈប់បាញ់របស់អង្គការសហប្រជាជាតិ នឹងមិនប៉ះពាល់ដល់ប្រតិបត្តិការនេះឡើយ។ នេះបើ តាមការចេញផ្សាយដោយ សារព័ត៌មាន Russian Today នៅព្រឹកថ្ងៃអង្គារ ទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨។
យោងតាមប្រព័ន្ធផ្សព្វផ្សាយតួកគី កងកម្ម៉ង់ដូពិសេសតួកគីបានចាកចេញពីខេត្ត គីលីស (Kilis) និងខេត្ត ហាថាយ (Hatay) នៃភាគខាងត្បូងប្រទេសតួកគី ដោយឆ្លងកាត់ព្រំដែនចូលទៅកាន់ប្រទេសស៊ីរី។ កងកម្ម៉ង់ដូនេះត្រូវបានគេរំពឹងថា នឹងចូលទៅកាន់កាប់ ភូមិ និងតំបន់ដែលកងទ័ពតួកគីវាយដណ្ដើមបាន ពីក្រុមឧទ្ទាមឃើដ YPG។
ដោយឡែក ជុំវិញព័ត៌មាននេះដែរ ឧបនាយករដ្ឋមន្ត្រីតួកគី លោក ប៊ែកឺ បូសដេក (Bekir Bozdag) បានលើកឡើងដូច្នេះថា «ការដាក់ពង្រាយកងកម្ម៉ង់ដូពិសេស គឺជាផ្នែក មួយនៃការចូលរួមក្នុងប្រតិបត្តិការយោធាថ្មី ដែលនឹងចូលមកដល់នៅពេលឆាប់ៗនេះ ហើយកងកម្ម៉ង់ដូពិសេសនេះ មានបទពិសោធន៍គ្រប់គ្រាន់ក្នុងការប្រយុទ្ធ ជាមួយក្រុមសកម្មប្រយុទ្ធនៅក្នុងតំបន់ទីប្រជុំជន»។
គួររំលឹកថា ប្រតិបត្តិការយោធាតួកគីឈ្មោះ អូលីវ ប្រេនឆ៍ (Olive Branch) នៅតែបន្តធ្វើឡើង បើទោះជាក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានអនុម័តលើបទឈប់បាញ់រយៈពេល ៣០ថ្ងៃ នៅក្នុងប្រទេសស៊ីរីក៏ដោយ ខណៈក្រុមអ្នកជំនាញភាគច្រើន កំពុងព្រួយបារម្ភខ្លាចក្រែងជម្លោះរវាងតួកគី និង YPG អាចនឹងបង្កទៅជាសង្រ្គាមនៅក្នុងតំបន់៕