(វ៉ាស៊ីនតោន)៖ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​និយាយថា កិច្ចចរចាជាមួយ​កូរ៉េខាងជើង អាចធ្វើ​ទៅបាន តែនៅក្នុង​លក្ខខណ្ឌល្អ​តែប៉ុណ្ណោះ។ បើទោះជាមិន​បានបញ្ជាក់ពី​លក្ខខណ្ឌនោះ​ក៏ដោយ ក៏ប៉ុន្តែ​គេដឹងថា លោកទំនងជា ចង់លើកឡើង​ពីកិច្ចសន្ទនាស្ដី​ពីការលុបបំបាត់ អាវុធនុយក្លេអ៊ែរ​នៅលើ​ឧបទ្វីបកូរ៉េ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​សារព័ត៌មាន​ យ៉ុនហាប់ នៅព្រឹកថ្ងៃអង្គារ ទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨។

ការកត់សម្គាល់​បែបនេះ​របស់ លោក ដូណាល់ ត្រាំ កើតមានឡើង​បន្ទាប់ពី​កូរ៉េខាងជើង បាននិយាយ​ដល់ទៅពីរ​ដងថា ខ្លួន​មានត្រៀម​ខ្លួនរួចជាស្រេច​ ក្នុងកិច្ចសន្ទនា​ជាមួយទីក្រុង​វ៉ាស៊ីនតោន។ «ពួកគេ (កូរ៉េខាងជើង) ចង់ពិភាក្សា ហើយយើងក៏​ចង់ពិភាក្សាដែរ ប៉ុន្តែកិច្ចចរចា​ទាំងនោះ​ អាចធ្វើទៅបាន​នៅតែក្នុងលក្ខខណ្ឌ​ល្អតែ​ប៉ុណ្ណោះ បើពុំដូច្នោះទេ​ យើងនឹងមិន​ពិភាក្សាជាមួយ​ពួកគេ​នោះទេ»។ នេះបើតាម​ការគូសបញ្ជាក់​របស់លោក ដូណាល់ ត្រាំ កាលពី​ថ្ងៃចន្ទ​ នៅក្នុង​ជំនួបនឹង អភិបាល​រដ្ឋអាមេរិក​នៅសេតវិមាន។

គួរបញ្ជាក់ថា បើទោះជាមិនបាន​បញ្ជាក់ពីលក្ខខណ្ឌនោះ​ក៏ដោយ ក៏ប៉ុន្តែ​គេដឹងថា លោកទំនង​ជាចង់លើកឡើង​ពីកិច្ច​សន្ទនា ស្ដីពី​ការលុបំបាត់​អាវុធនុយក្លេអ៊ែរ​ នៅលើ​ឧបទ្វីប​កូរ៉េ។ យ៉ាងណា​ក៏ដោយ ទីក្រុង​ព្យុងយ៉ាង ធ្លាប់អះអាង​ថា នឹងមិន លើកយក​កម្មវិធីនុយក្លេអ៊ែរ​ ដាក់លើតុចរចា​ជាមួយទីក្រុង​វ៉ាស៊ីនតោន​ជាដាច់ខាត ហើយអាវុធ​នុយក្លេអ៊ែរ​របស់ខ្លួន គឺមាន​គោលដៅតែ​លើសហរដ្ឋអាមេរិក​តែមួយ​គត់៕