(ហាណូយ)៖ ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ របស់ប្រទេសវៀតណាម បានព្រមានអំពីហានិភ័យកម្រិតខ្ពស់ នៃការវិលត្រឡប់មកវិញ នូវជំងឺគ្រុនផ្តាសាយបក្សី នៅក្នុងប្រទេសរបស់ខ្លួន បន្ទាប់ពីជំងឺរីករាលដាលមួយនេះ បានដាក់ស្ថិតនៅក្រោមការគ្រប់គ្រងអស់រយៈពេលជាយូរមកហើយ, នេះបើយោងតាមភ្នាក់ងារព័ត៌មានស៊ិនហួ ចេញផ្សាយឲ្យដឹងនាយប់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។
ក្រសួងកសិកម្មបានឲ្យដឹងថា សំបុករាលដាលមួយនៃជំងឺគ្រុនផ្តាសាយបក្សី A/H5N6 ត្រូវបានរកឃើញ កាលពីពេលថ្មីៗនេះ នៅឃុំ Dai Ban ស្រុក An Duong ភាគខាងជើង ទីក្រុង Hai Phong របស់វៀតណាម។
ពូជនៃជំងឺគ្រុនផ្តាសាយបក្សីមួយចំនួនដែលមិនមាននៅក្នុងប្រទេសវៀតណាម ដូចជាជំងឺ A/H7N9, A/H5N2 និង A/H5N8 អាចចូលមកកាន់ប្រទេសមួយនេះ តាមរយៈប្រព័ន្ធដឹកជញ្ជូន, ការធ្វើពាណិជ្ជកម្ម, ការហូបសត្វបក្សី និងផលិតផលផលិតពីសាច់សត្វបក្សី ដែលមិនដឹងប្រភពច្បាស់លាស់ ជាពិសេសខេត្តនៅតាមព្រំដែន និងការជួញដូរខុសច្បាប់ក្នុងតំបន់ដែលផលិតឡើង ពីសាច់សត្វបក្សី។
ក្រសួងកសិកម្មវៀតណាម បានជម្រុញឲ្យប្រជាជនរបស់ខ្លួន ចាប់ផ្តើមក្នុងការការពារជំងឺគ្រុនផ្តាសាយបក្សី, បង្រ្កាបការជួញដូរខុសច្បាប់សត្វបក្សី និងរក្សាការតាមដានយ៉ាងជិតស្និត ស្តីពីស្ថានភាពក្នុងតំបន់ ដើម្បីឆ្លើយតបឲ្យបានទាន់ពេលវេលាចំពោះការផ្ទុះការរាតត្បាតណាមួយកើតឡើង។ ក្រសួងក៏បានអំពាវនាវឲ្យបង្កើនការគ្រប់គ្រង លើតំបន់ងាយរងគ្រោះ, ចាក់វាក់សាំងការពារ និងបង្កើនការត្រួតពិនិត្យលើការដឹកជញ្ជូនសត្វបក្សី ដើម្បីកាត់បន្ថយហានិភ័យ នៃជំងឺឆ្លងរីករាលដាលមួយនេះ៕