(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ ការវាយប្រហារតាមផ្លូវអាកាស របស់កងកម្លាំងរដ្ឋាភិបាលស៊ីរី ប្រឆាំងនឹងក្រុមឧទ្ទាមនៅក្នុងតំបន់ហ្គួតា (Ghouta) នៅតែបន្តកើតមាន បើទោះជាក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) បានអនុម័តលើបទឈប់បាញ់ កាលពីថ្ងៃសៅរ៍ក៏ដោយ ខណៈចំនួនអ្នកស្លាប់ នៅក្នុងការវាយប្រហារតាមផ្លូវអាកាសបានកើនដល់ជាង ៥០០នាក់៕
២៖យ៉ាងហោចណាស់មនុស្ស ០៤នាក់បានស្លាប់ និង ០៤នាក់ទៀតរងរបួស នៅក្នុងហេតុការណ៍ផ្ទុះដ៏កក្រើក នៅក្នុងទីក្រុងហាងលក់ទំនិញមួយកន្លែង ស្ថិតនៅទីក្រុង ឡៃសេស្ទើ (Leicester) ភាគកណ្តាលចក្រភពអង់គ្លេស៕
៣៖ យន្តហោះដឹកអ្នកដំណើរផលិតចិនដំបូង C919 បានទទួលការបញ្ជាទិញរហូតដល់ទៅ ៣០គ្រឿងបន្ថែមទៀត ដែលធ្វើឲ្យចំនួនសរុបពីការបញ្ជាទិញនោះ ឡើងដល់ ៨១៥គ្រឿងហើយ ពីសំណាក់អាកាសចរណ៍ក្នុងស្រុក និងអន្តរជាតិ៕
៤៖ ទីភ្នាក់ងារភូមិសាស្ត្រអាមេរិក នៅថ្ងៃចន្ទនេះបានឱ្យដឹងថា គ្រោះរញ្ជួយដីកំរិត ៧.៥រ៉ិចទ័រ បានវាយប្រហារនៅចំងាយ ៩៦គីឡូម៉ែត្រ ពីភាគនិរតីទីក្រុង មែនឌី (Mendi) ស្ថិតនៅភាគខាងត្បូង តំបន់ ហៃឡេនស៍ (Highlands) របស់ប្រទេសដែនកោះ ប៉ាពួញូហ្គីណេ (Papua New Guinea)៕
៥៖ ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ (UNSC) បានចេញនូវដំណោះស្រាយមួយលេខ ២៤០១ ដោយអំពាវនាវឲ្យគ្រប់ភាគីពាក់ព័ន្ធ ត្រូវតែបញ្ចប់ការប៉ះទង្គិចគ្នាជាបន្ទាន់នៅក្នុងប្រទេសស៊ីរី ដើម្បីឲ្យក្រុមសង្គ្រោះមនុស្សធម៌ ចូលទៅកាន់កន្លែងកើតហេតុ។ ប៉ុន្តែថ្មីៗនេះមានការគំរាមប្រើយោធា អន្តរាគមន៍ទៅលើទីក្រុងដាម៉ាស់ ដែលទីក្រុងម៉ូស្គូចាត់ទុកថា ជារឿងដ៏គួរឲ្យព្រួយបារម្ភខ្លាំង៕
៦៖ ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក ឌីមីទ្រី រ៉ូហ្គោហ្ស៊ី (Dmitri Rogozin) បាននិយាយថា លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើបទបញ្ជាថ្មីមួយ ជុំវិញការផ្គត់ផ្គង់អាវុធក្នុងនោះរួមមានទាំង គ្រឿងយន្តឆ្លាតវៃ (robotics), ប្រព័ន្ធស៊ើបការណ៍សំងាត់, យន្ដហោះដ្រូន និងបរិក្ខាយោធាជាច្រើនទៀត៕