BREAKING NEWS: ករណីផ្ទុះនៅទីក្រុង Leicester ចក្រភពអង់គ្លេស ឆក់យកជីវិតមនុស្ស ០៤នាក់ និងរបួស ០៤នាក់!
26-02-2018 18:29
(ឡុងដ៍)៖ យ៉ាងហោចណាស់មនុស្ស ០៤នាក់បានស្លាប់ និង ០៤នាក់ទៀតរងរបួស នៅក្នុងហេតុការណ៍ផ្ទុះដ៏កក្រើក នៅក្នុងទីក្រុងហាងលក់ទំនិញមួយកន្លែង ស្ថិតនៅទីក្រុង ឡៃសេស្ទើ (Leicester) ភាគកណ្តាលចក្រភពអង់គ្លេស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាល្ងាចថ្ងៃចន្ទ ទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨។
ប៉ូលិសទីក្រុង Leicester បានបញ្ជាក់ប្រាប់សារព័ត៌មានក្នុងតំបន់ថា «មនុស្ស ០៤នាក់ បានស្លាប់បាត់បង់ជីវិតនៅហ្នឹងកន្លែងកើតហេតុ និង ០៤នាក់ផ្សេងទៀតរងរបួស ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ»។ នេះគ្រាន់តែជាចំនួនបឋមប៉ុណ្ណោះ ដោយចំនួនមនុស្សរងរបួស អាចនឹងមានការកើនឡើងបន្ថែមនេះ ដោយក្រុមសង្គ្រោះ និងប៉ូលិសកំពុងស្ថិតនៅកន្លែងកើតហេតុ។
គួរបញ្ជាក់ថា មិនទាន់មានព័ត៌មានណាមួយ បញ្ជាក់អំពីមូលហេតុនៃការផ្ទុះនេះឡើយ ប៉ុន្តែប៉ូលិសបានចាប់ផ្តើមធ្វើការស៊ើបអង្កេតហើយ ខណៈប៉ូលិសបានអះអាងថា សំឡេងផ្ទុះបានលាន់លឺយ៉ាងកក្រើក ដល់លំនៅឋាននៅជុំវិញហាង។ សម្រាប់ហាងនោះវិញ គឺត្រូវបានឆាបឆេះក្រោយការផ្ទុះ ប៉ុន្តែប៉ូលិសបានបញ្ចេញក្រុមពន្លត់អគ្គីភ័យ រហូតរលត់អស់។ បន្ថែមពីនេះ មិនទាន់មានតំរុយណាមួយបញ្ជាក់ថា វាជាភេរវកម្មនោះទេ៕