(សេអ៊ូល)៖ ទីប្រឹក្សាសន្តិសុខជាតិ ដែលជាតំណាងរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន គឺលោក ជុង អ៊ុយយ៉ុង (Chung Eui-yong) បានជួបពិភាក្សាការងារជាមួយសមាជិកប្រតិភូជាន់ខ្ពស់កូរ៉េខាងជើង នៅថ្ងៃចន្ទនេះ ស្របពេលភាពចម្រូងចម្រាសកំពុងកើតមាន ក្រោយប្រជាជនកូរ៉េខាងត្បូងមួយចំនួន បាននំាគ្នាធ្វើបាតុកម្មប្រឆាំងនឹងដំណើរទស្សនកិច្ច របស់ប្រតិភូកូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃចន្ទ ទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨។
ជាមួយគ្នានោះដែរ នៅក្នុងសេចក្ដីថ្លៃងការណ៍របស់ខ្លួន វិមានប្រធានាធិបតីកូរ៉េខាងត្បូង បានឱ្យដឹងថា ភាគីទាំងពីរកត់សម្គាល់ថា ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាក្នុងទីក្រុង PyeongChang បានផ្ដល់ឱកាសមួយដ៏សំខាន់ក្នុងការ សម្រេចឱ្យបាននូវស្មារតីអូឡាពិក សន្តិភាព និងការឯកភាព ព្រមទាំងដើម្បីបង្កើតសន្តិភាព នៅលើតំបន់ឧបទ្វីបកូរ៉េ និង ការស្ដារឡើងវិញនូវទំនាក់ទំនងរវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើង។
មិនតែប៉ុណ្ណោះ សេចក្ដីថ្លែងការណ៍ដដែលក៏បានបញ្ជាក់ដែរថា កូរ៉េទាំងពីរ បានឈានដល់ការបន្តធ្វើការងាររួមគ្នា ក្រោយព្រឹត្តិការណ៍កីឡាអូឡាំពិក សំដៅសម្រួលដល់ ការស្វែងរកសន្តិភាពជាអចិន្ត្រៃយ៍ នៅលើឧបទ្វីបកូរ៉េ និរន្តរភាពនៃការអភិវឌ្ឍទំនាក់ទំនងអន្តរកូរ៉េ និងកិច្ចសហប្រតិបត្តិការ ជាមួយសហគមន៍អន្តជាតិ។
គួរបញ្ជាក់ថា លោក Kim Yong-chol បានដឹកនាំប្រតិភូកូរ៉េខាងជើង មកចូលរួមពិធីបិទព្រឹត្តិការណ៍កីឡាអូឡាពិករដូវ រងាកាលពីថ្ងៃអាទិត្យ។ ប៉ុន្តែ ប្រជាជនកូរ៉េខាងត្បូង និងក្រុមសមាជិកសភាអភិរក្សនិយមកូរ៉េខាងត្បូងជាច្រើននាក់ បានធ្វើបាតុកម្មតវ៉ានឹងដំណើរទស្សនកិច្ចរបស់ លោក Kim ដែលត្រូវបានគេចោទប្រកាន់ថា ជាអ្នកនៅពីក្រោយការបាញ់ ពន្លិចនាវាចម្បាំងកូរ៉េខាងត្បូងមួយគ្រឿង កាលពីឆ្នាំ២០១០ ដែលបានសម្លាប់មនុស្ស ៤៦នាក់៕