(ព្យុងយ៉ាង)៖ សាធារណរដ្ឋ​​ប្រជាធិបតេយ្យ​ ប្រជាមានិត​កូរ៉េ (កូរ៉េខាងជើង) បានចេញ​សេចក្តីថ្លែងការណ៍​​មួយ រិះគន់យ៉ាង​ពេញទំហឹង ចំពោះ​អគ្គលេខាធិការ នៃអង្គការ​សហប្រជាជាតិ (UN) គឺលោក អាន់តូនីញ៉ូ ហ្គួទែរែស (Antonio Guterres) ជុំវិញការ​គាំទ្រឲ្យ​មាន​ការដាក់ទណ្ឌកម្ម​​បន្ថែម ដែលធ្ងន់ធ្ងរជាងមុនទៅ​លើទីក្រុង​ព្យុងយ៉ាង ដើម្បី​ឆ្លើយតប​នឹង​​កម្មវិធីមីស៊ីល​ផ្លោង និង​នុយក្លេអ៊ែរ​​នោះ។ នេះបើតាម​ការ​ចេញផ្សាយ​​ដោយ ទីភ្នាក់ងារ​​​ព័ត៌មាន​ចិន ស៊ីនហួរ នារសៀល​​ថ្ងៃចន្ទ ទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨។

សារព័ត៌មាន​រដ្ឋកូរ៉េខាងជើង KCNA ដែលរបស់រដ្ឋាភិបាល​កូរ៉េខាងជើងនោះ ត្រូវបាន​ដកស្រង់សេចក្តីថ្លែងការណ៍​យ៉ាងដូច្នេះថា «អគ្គលេខាធិការ UN បានធ្វើ​ឡើងដោយ​គ្មានហេតុផលអ្វី​បន្តិចសោះ អំពីការដាក់​​សម្ពាធបន្ថែម តាម​រយៈទណ្ឌកម្ម ប្រឆាំងនឹង​ប្រទេស​កូរ៉េខាងជើង។ នេះគឺជាការភ័ន្តច្រឡំ​ដ៏ធំមួយ ដែលមិន​សមហេតុផល និងឋានៈ​របស់លោក ក្នុងនាមជា​អគ្គលេខាធិការ UN នោះឡើយ ព្រោះលោកធ្វើខ្លួន​ត្រឹមជា​អាយ៉ង​របស់អាមេរិក»។

គួរបញ្ជាក់ថា ការថ្លែងធ្ងន់ៗ​មិនធ្លាប់មានខាងលើនេះ​របស់​កូរ៉េខាងជើង បាន​កើតមាន​ឡើង​បន្ទាប់ពី​អគ្គលេខាធិការ UN នៅក្នុងកិច្ចប្រជុំ​សន្តិសុខសកល នៅទីក្រុងម៉ូនិក ប្រទេស​អាល្លឺម៉ង់ បានថ្លែងចំពោះ​មុខថ្នាក់ដឹកនាំ​ពិភពលោកថា «ការពង្រឹង​អំណាច​នុយក្លេអ៊ែរ​កូរ៉េខាងជើង គឺផ្ទុយនឹង​ឆន្ទៈរបស់សហគមន៍​អន្តរជាតិ» ដែល​ប្រការនេះ​​ត្រូវបានកូរ៉េខាងជើង​រិះគន់ធ្ងន់ៗ និង​ចោទថា លោក ហ្គួទែរែស គ្រាន់តែជា​អ្នកតស៊ូ​មតិមួយរូប ជំនួសឲ្យ​អាមេរិក​ប៉ុណ្ណោះ៕