(ម៉ូស្គូ)៖ ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ (UNSC) បានចេញនូវដំណោះស្រាយមួយលេខ ២៤០១ ដោយអំពាវនាវឲ្យគ្រប់ភាគីពាក់ព័ន្ធ ត្រូវតែបញ្ចប់ការប៉ះទង្គិចគ្នាជាបន្ទាន់នៅក្នុងប្រទេសស៊ីរី ដើម្បីឲ្យក្រុមសង្គ្រោះមនុស្សធម៌ ចូលទៅកាន់កន្លែងកើតហេតុ ប៉ុន្តែថ្មីៗនេះមានការគំរាមប្រើយោធា អន្តរាគមន៍ទៅលើទីក្រុងដាម៉ាស់ ដែលទីក្រុងម៉ូស្គូចាត់ទុកថា ជារឿងដ៏គួរឲ្យព្រួយបារម្ភខ្លាំង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នារសៀលថ្ងៃចន្ទ ទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨។
ជុំវិញបញ្ហានេះ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ស៊ឺហ្គៃ រីយ៉ាបកូវ (Sergei Ryabkov) បានបញ្ជាក់ថា «ទីក្រុងម៉ូស្គូពិតជាមានការព្រួយបារម្ភខ្លាំង ចំពោះការគំរាមប្រើយោធាអន្តរាគមន៍ទៅលើទីក្រុងដាម៉ាស់។ ចំពោះមុខដំណោះស្រាយលេខ ២៤០១ វាបានចែងពីភាពចាំបាច់សម្រាប់យើងគ្រប់គ្នា ដែលដំបូងគ្រប់ភាគីពាក់ព័ន្ធទាំងអស់មានកតព្វកិច្ច ធ្វើសេចក្តីសម្រេចចិត្តទៅតាមអ្វី ដែលជាភាពចាំបាច់ (ការបញ្ឈប់ការបាញ់ប្រហារ និងអនុញ្ញាតឲ្យក្រុមផ្តល់ជំនួយមនុស្សធម៌ ចូលទៅសង្គ្រោះជនស៊ីវិល»។
គួរបញ្ជាក់ថា ការឆ្លើយតបរបស់រុស្ស៊ីខាងលើនេះ បន្ទាប់ពីខ្លួនទទួលបាននូវសេចក្តីរាយការណ៍ថា មានចលនាប្រឆាំងមួយនៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ដែលបាន និងកំពុងទាមទារឲ្យមានការធ្វើអន្តរាគមន៍ដោយយោធា ទៅលើរបបដឹកនាំ លោក បាស្សា អាល់ អាស្សាដ ឆ្លើយតបទៅនឹងការវាយប្រហារ ទៅលើមូលដ្ឋានក្រុមឧទ្ទាមប្រឆាំងរដ្ឋាភិបាល ប៉ុន្តែត្រូវបានក្រុមអង្កេតសិទ្ធិមនុស្សអះអាងថា បានធ្វើឲ្យជនស៊ីវិលក្មេងចាស់ប្រុសស្រីសរុបជាង ៥០០នាក់ បាត់បង់ជីវិត៕