(ម៉ូស្គូ)៖ ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក ឌីមីទ្រី រ៉ូហ្គោហ្ស៊ី (Dmitri Rogozin) បាននិយាយថា លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើបទបញ្ជាថ្មីមួយ ជុំវិញការផ្គត់ផ្គង់អាវុធក្នុងនោះរួមមានទាំង គ្រឿងយន្តឆ្លាតវៃ (robotics), ប្រព័ន្ធស៊ើបការណ៍សំងាត់, យន្ដហោះដ្រូន និងបរិក្ខាយោធាជាច្រើនទៀត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃចន្ទ ទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨។
ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានរុស្ស៊ី Kommersant កាលពីថ្ងៃអាទិត្យ លោក Dmitri Rogozin បានលើកឡើងយ៉ាងដូច្នេះថា «ពិតប្រាកដណាស់ ឯកសារទាំងនោះត្រូវបានចុះហត្ថលេខា ដោយលោកប្រធានាធិបតី ពូទីន»។ លោក Rogozin បន្ថែមថា កម្មវិធីថ្មីនេះត្រូវបានរៀបចំឡើង ដោយផ្អែកលើបទពិសោធន៍នៃការប្រើប្រាស់អាវុធ និងបរិក្ខាយោធា នៅក្នុងការប្រយុទ្ធនៅប្រទេសស៊ីរី។ កម្មវិធី និងប្រព័ន្ធថ្មីនេះ ក៏ត្រូវបានសាកល្បងផងដែរ នៅអំឡុងការដាក់ពង្រាយក្នុងស្ថានភាពដ៏អាក្រក់បំផុត ហើយជាសរុបមានប្រភេទអាវុធ និងបរិក្ខាយោធាច្រើនជាង ២០០ប្រភេទ ត្រូវបានធ្វើតេស្ដ។
គួររំលឹកថា កាលពីខែវិច្ឆិកា ឆ្នាំ២០១៧ អនុរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Tatiana Shevtsova បានអះអាងថា កម្មវិធីនេះត្រូវចំណាយប្រាក់អស់ជាង ៣២៥ពាន់លានដុល្លារ លើការផ្គត់ផ្គង់បរិក្ខាយោធា និង ១៧ពាន់លានដុល្លារទៀត សម្រាប់ប្រព័ន្ធសម្របសម្រួល។ ដោយឡែក បើតាមប្រភពពីក្រសួងការពារជាតិរុស្ស៊ី កម្មវិធីនេះក៏រាប់បញ្ចូលផងដែរ ប្រព័ន្ធមីស៊ីលការពារដែនអាកាស S-500 និងយន្ដហោះចម្បាំង Su-57 ជាដើម៕