(ញូយ៉ក)៖ ការវាយប្រហារតាមផ្លូវអាកាស របស់កងកម្លាំងរដ្ឋាភិបាលស៊ីរី ប្រឆាំងនឹងក្រុមឧទ្ទាមនៅក្នុងតំបន់ហ្គួតា (Ghouta) នៅតែបន្តកើតមាន បើទោះជាក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) បានអនុម័តលើបទឈប់បាញ់ កាលពីថ្ងៃសៅរ៍ក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅព្រឹកថ្ងៃចន្ទ ទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨។
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានអនុម័តជាឯកច្ឆ័ន្ទលើដំណោះស្រាយមួយ ដោយស្នើឱ្យមានបទឈប់បាញ់ រយៈពេល ៣០ថ្ងៃ នៅក្នុងប្រទេសស៊ីរី ដើម្បីជួយសម្រួលដល់ការផ្ដល់ជំនួយ ខណៈចំនួនអ្នកស្លាប់ នៅក្នុងការវាយប្រហារតាមផ្លូវអាកាស បានកើនដល់ជាង ៥០០នាក់។
ការអនុម័តលើដំណោះស្រាយនេះទៀតសោត កើតមានឡើងនៅចំពេលស្ថានភាពនៅក្នុង តំបន់ហ្គួតា (Ghouta) កំពុងស្ថិតនៅក្រោមការវាយប្រហារតាមផ្លូវអាកាស យ៉ាងសន្ធាប់ពីសំណាក់យន្ដហោះចម្បាំងរដ្ឋាភិបាលស៊ីរី គំាទ្រដោយរុស្ស៊ី។ បន្ថែមពីលើនេះ បើតាមអង្គការឃ្លំាមើលសិទ្ធិមនុស្សស៊ីរី មនុស្សយ៉ាងហោចណាស់ ៥០០នាក់ (ក្នុងនោះកុមារជិត ២០០នាក់) បានបាត់បង់ជីវិត និងជាង ២,១២០នាក់ទៀត ក៏បានរងរបួសផងដែរ ដោយសារតែការវាយប្រហារផ្លូវអាកាសអស់រយៈពេលមួយសប្ដាហ៍ មកនេះ។
គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យ បារាំង និងអាល្លឺម៉ង់ក៏បានជំរុញផងដែរ ឱ្យរុស្ស៊ីដាក់សម្ពាធលើរដ្ឋាភិបាលស៊ីរីឱ្យគោរព តាមបទឈប់បាញ់។ ប៉ុន្តែបទឈប់បាញ់នេះ មិនត្រូវបានអនុវត្តលើប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងក្រុម ISIS, អាល់កៃដា ឬក៏ក្រុម រណសិរ្ស Al-Nusra នោះទេ ហើយដែលនេះនៅតែជាបញ្ហាចោទសម្រាប់បទឈប់បាញ់ ត្បិតភាគីជម្លោះជារឿយៗ តែងតែយកលេសកម្ទេចក្រុមភេរវករទាំងនេះ ដើម្បីឆ្លៀតវាយប្រហារដាក់គ្នាទៅវិញទៅមក៕