(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ឧត្ដមសេនីយអាមេរិកទាំងអស់នឹងពេញចិត្ត ចំពោះការធ្វើព្យុហយាត្រាយោធាទ្រង់ទ្រាយធំ នៅអំឡុងទិវាអតីតយុទ្ធជន Veterans Day ក្នុងទីក្រុងវ៉ាស៊ីនតោនឌីស៊ី នៅថ្ងៃទី១១ ខែវិច្ឆិកាខាងមុខនេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃចន្ទ ទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨។
លោក ដូណាល់ ត្រាំ ថ្លែងបែបនេះ នៅក្នុងបទសម្ភាសន៍តាមទូរស័ព្ទ ជាមួយស្ថានីយទូរទស្សន៍ Fox News កាលពីថ្ងៃសៅរ៍សប្តាហ៍មុន។ ថ្លែងនាឱកាសនោះ ប្រធានាធិបតីអាមេរិករូបនេះ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «នាយឧត្ដមសេនីយអាមេរិកទាំងឡាយ នឹងពេញចិត្តចំពោះការធ្វើព្យុហយាត្រាយោធា... ខ្ញុំប្រាប់អ្នកទៅចុះ ហើយខ្ញុំក៏ចង់ឱ្យវាកើតឡើងដែរ ពីព្រោះខ្ញុំគិត ថាវាគឺជារឿងដ៏អស្ចារ្យ សម្រាប់ប្រទេសរបស់យើង...»។
គួររំលឹកថា កាលពីដើមឆ្នាំ២០១៨ លោក ដូណាល់ ត្រាំ បានប្រាប់មន្ទីរបញ្ចកោណ ឲ្យរៀបចំផែនការធ្វើព្យុហយាត្រាទ្រង់ទ្រាយ ជាមួយការដាក់តាំងបង្ហាញបរិក្ខាយោធាទំនើបៗ របស់សហរដ្ឋអាមេរិក បន្ទាប់ពីលោកបានចូលរួមព្យុហយាត្រាមួយ នៅប្រទេសបារាំង ហើយទំនងជាបានមើលឃើញភាពអស្ចារ្យរបស់សាធារណរដ្ឋបារាំង នាពេលនោះហើយ ទើបកើតគំនិតចង់រៀបចំឲ្យអស្ចារ្យជាងគេ។
ទោះបីជាបែបនេះក្តី សមាជិកសភាពអាមេរិកមួយចំនួន បានសំដែងការមិនពេញចិត្ត ខណៈការស្ទង់មតិរបស់ ទីភ្នាក់ងារព័ត៌មាន Military Times បង្ហាញថា អ្នកអានសារព័ត៌មានរបស់ខ្លួនជាង ៨៩ភាគរយ យល់ថាការធ្វើព្យុហយាត្រាយោធានេះ គឺជាការខ្ជះខ្ជាយប្រាក់អត់ប្រយោជន៍ ហើយខ្លះទៀតបានយល់ថា សហរដ្ឋអាមេរិក ជាមហាអំណាចដែលអស្ចារ្យជាងគេ និងត្រូវបានទទួលស្គាល់ទូទាំងពិភពលោករួចទៅហើយ ដូច្នេះមិនចាំបាច់អ្វីត្រូវមកចំណាយពេលវេលា និងថវិកា សម្រាប់បង្កើវេទិកាបង្អួតគេថែមទៀតនោះឡើយ៕