(អូស្ត្រាលី)៖ អតីតអ្នក​សារព័ត៌មាន​អូស្ត្រាលី លោក ម៉ៃឃើល ម៉ាកខ័រមែក (Michael McCormack) ​ត្រូវបាន​សភាជ្រើស​តាំងឱ្យកាន់តំណែង ជា​ឧបនាយករដ្ឋមន្ត្រីអូស្រ្ដាលី ដើម្បីជំនួស​លោក បាណាបាត ហ្សយសេ (Barnaby Joyce) ដែលបាន​លាលែង​ពីមុខ​តំណែង​កាលពី​សប្ដាហ៍មុន។ នេះបើតាម​ការចេញផ្សាយ​ដោយ​ សារព័ត៌មាន ABC​ នៅព្រឹកថ្ងៃចន្ទ​ ទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨។

លោក Barnaby Joyce បានសម្រេច​ចិត្តលាលែង​ពីតំណែង ​ជាឧបនាយករដ្ឋមន្ត្រី​អូស្ត្រាលី​ កាលពី​ថ្ងៃសុក្រ បន្ទាប់ពីផ្ទុះ​រឿងអាស្រូវផ្លូវភេទ​ ជាមួយអតីត​បុគ្គលិក​របស់ខ្លួន ក្រោយកាន់​តំណែងបានពីរឆ្នាំ​មកនេះ។ ដោយឡែក លោក McCormack​ ត្រូវបានបោះឆ្នោត​គាំទ្រដោយសមាជិកសភា​ជាតិ ខណៈគូប្រជែង​គឺលោក ចច គ្រីស្ទិនសិន (George Christensen) មិនត្រូវ​បានជ្រើសរើស​ឡើយ។

គួរបញ្ជាក់ថា លោក Michael McCormack ​គឺជាអតីត​អ្នកសារព័ត៌មាន​ម្នាក់ ហើយលោក​ធ្លាប់មានឈ្មោះ​ល្បីល្បាញ តាមរយៈការរិះគន់​យ៉ាងខ្លំាង កាលពីឆ្នាំ១៩៩៣ ក្រោយលោក​ចេញផ្សាយអត្ថបទ​មួយ ដោយពណ៌នា​ថា ការស្រឡាញ់ ភេទដូចគ្នា​គឺជារឿងគួរឱ្យ​ស្អប់​ខ្ពើម៕